ពោធិ៍សាត់៖ ពលករចំណាកស្រុកទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ៥២៤នាក់ ត្រូវបានឯកឧត្តមខូយរីដា ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ផ្ដល់ជាស្បៀង ថវិកានឹងស្មារតី ក្នុងឱកាសជួបសំណេះសំណាល នារសៀលថ្ងៃទី ៤ ខែសីហាឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សខេត្ត។

ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការដែលបងប្អូនចំណាកស្រុកទៅរស់នៅធ្វើការនៅប្រទេសថៃនោះមិនមែនជារឿងងាយស្រួលឡើយ ពោលគឺត្រូវចាកឆ្ងាយពីភូមិដ្ឋានផ្ទះសម្បែង កូនចៅមិនបានរៀនសូត្រត្រឹមត្រូវពេញលេញ ថ្វីត្បិតទទួលបានប្រាក់កម្រៃអាចថាសមរម្យបន្តិចមែន ប៉ុន្តែត្រូវទទួលរងការជាន់ឈ្លីមាក់ងាយយ៉ាងខ្លាំងពីសំណាក់ជនជាតិគេមួយចំនួនណានោះ បើទោះជាមិនទាំងអស់ក៏ពិតមែនក៏យើងត្រូវគិតគូរពីសុខសុវត្ថិភាពជាចម្បង ដូចឃើញស្រាប់ហើយសកម្មភាពអសីលធម៌សព្វបែបយ៉ាង រួមទាំងការប្រើប្រាស់ហិង្សាមកលើជនជាតិយើងនិងការឈ្លានពានអធិបតេយ្យភាពជាតិខ្មែរដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធវាយប្រហារមកលើបូរណភាពទឹកដីខ្មែរទាំងងងើលដោយមិនគោរពច្បាប់អន្តរជាតិឡើយបើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងណាក៏ដោយ។

ដូច្នេះហើយយើងត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយយើងនឹងខ្លាំងរឹងមាំ ពង្រឹងបានទាំងឃឿនការពារជាតិ ឃឿនសេដ្ឋកិច្ចជាតិយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្ដេចតេជោហ៊ុនសែន និងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ប្រមុខរាជរដ្ឋាភិបាលរបស់យើង។

ឯកឧត្តមបញ្ជាក់ថាចំពោះបងប្អូនពលករទាំងអស់ ក្រោមការយកចិត្តទុកដាក់ ពីអាជ្ញាធរ ក្រសួង មន្ទីរស្ថាប័ន នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល រង់ចាំទទួលបងប្អូនគ្រប់ពេលវេលា ដើម្បីទទួលបានការងារធ្វើសមរម្យក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ រួមនឹងសុខសុវត្ថិភាពពេញលេញផងដែរ។ ក្នុងន័យនេះឯកឧត្តមអភិបាលខេត្តសូមអំពាវនាវដល់បងប្អូនពលករទាំងអស់កុំចាញ់បោកឃោសនាណាមួយឱ្យត្រឡប់វិលទៅប្រទេសថៃវិញឲ្យសោះបើគ្មានគោលការណ៍គោលនយោបាយត្រឹមត្រូវពីរាជរដ្ឋាភិបាលនិងសូមកុំលក់ឧត្តមគតិខ្លួនឯងបម្រើឲ្យបរទេសឲ្យសោះនេះជាគ្រោះថ្នាក់សម្រាប់ប្រជាជននិងជាតិយើងទាំងមូល។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ មកដល់ដើមខែសីហាឆ្នាំ 2025 នេះ មន្ទីរទទួលបានបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃវិញចំនួនសរុប 5667 នាក់ស្រី 2505 នាក់ បានធ្វើការងារចំនួន 297 នាក់។ ចំណែកពលករចំនួន 524 នាក់ដែលធ្វើពិធីសំណេះសំណាលនៅពេលនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដល់ជូនស្បៀង ជាអង្ករ មី និងថវិកា ក្នុងម្នាក់ៗ 5 ម៉ឺនរៀល៕

អត្ថបទ៖ ពោធិ៍សាត់

Share.