ត្បូងឃ្មុំ៖ ដើម្បីចូលរួមរំលែកទុក្ខ ចំពោះសាច់ញាតិបងប្អូនវីរកងទ័ព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង ៣ ប្រធានពន្ធធនាគារខេត្ត ចំណុះឱ្យរដ្ឋបាលខេត្ត បានរៀបចំដង្ហែក្បួន និងគោរពវិញ្ញាណក្ខន្ធ បង្សុកូល ឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធបងប្អូនវីរកងទ័ព ដែលបានពលី ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី នៃការធ្វើសង្រ្គាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ស្ថិតក្រោមគំនិតផ្តួចផ្ដើមពីសំណាក់ព្រះសោមវេទី អុឹម សុភក្តិ ព្រះអនុគណក្រុងសួង និងលោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង។

 ពិធីនេះប្រារព្ធធ្វើឡើង នៅថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណវត្តវិហារទន្ទឹម ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការទាំង ៧វត្ត និងព្រះសង្ឃ ព្រមទាំងអភិបាលរងខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុក មន្រ្តីរាជការ កងកម្លាំងទាំងបី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជិត ១,០០០អង្គនាក់។ ក្នុងពិធីនេះផងដែរ ក៏មានការស្មិងស្មាធិ៍គោរពដួងវិញ្ញាណក្ខន្ធ សូត្រមន្តបង្សុកូល និងអានសាររំលែកទុក្ខ គោរពឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធកងទ័ពពលី សមរភូមិជួរមុខ ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី សូមបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ 

បន្ទាប់ពី ព្រះគ្រូសោមវេទី អុឹម សុភក្តិ ព្រះអនុគណក្រុងសួង បានមានព្រះសង្ឃដីការរំលែកមរណទុក្ខរួចមក ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក៏បានអានសាររំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារបងប្អូនវីរកងទ័ពកម្ពុជាទាំងអស់ ដោយបានបង្ហាញពីភាព ក្តុកក្តួល រន្ធត់ចិត្តឥតឧបមា និងសោកស្ដាយជាពន់ពេក ចំពោះបងប្អូនវីរកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីការពារទឹកដីកម្ពុជា ពីការឈ្លានពានពីក្រុមចោរសៀម នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ 

ឯកឧត្តមអភិបាលខេត្ត ក៏បន្តថា តាមរយៈសាររំលែកនូវមរណទុក្ខនេះ គឺបានបញ្ជាក់ពីការសោកស្ដាយ ជាមួយក្រុមគ្រួសារសពវីរកងទ័ព ដ៏អង់អាចក្លាហាន ក្នុងការលះបង់ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន គុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន យើងទាំងអស់គ្នាចងចាំជានិច្ចពេញក្នុងក្រអៅបេះដូង មិនអាចបំភ្លេចបានរហូតទៅ ។ 

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង ៣ រួមជាមួយព្រះមន្រ្តីសង្ឃ ព្រះចៅអធិការ ព្រះសង្ឃ មន្រ្តីរាជការជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងលោកយាយ លោកតា បាននិមន្ត និងដង្ហែក្បួន តាមដងផ្លូវ ក្នុងក្រុងសួង ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋខ្មែរគ្រប់រូប ចងចាំជានិច្ចនូវគំរូវីរភាពរបស់វីរយុទ្ធជន ដែលជាគុណូបការៈដ៏ថ្លៃថ្លាសម្រាប់ប្រទេសជាតិ និងប្រជាជន ៕

អត្ថបទ៖អាចារ្យលាក់

Share.