អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយកាលពីថ្ងៃអង្គារ ថា ប្រទេសចិន នឹងបន្ដគាំទ្រអាស៊ាន ក្នុងការជំរុញកិច្ចចរចាដើម្បីសន្ដិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន សម្រាប់ការប្រែក្លាយទំនាក់ទំនងកម្ពុជា-ថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua។

អ្នកនាំពាក្យក្រសួងការបរទេសចិនដដែល បានឆ្លើយតបនឹងសំណួរអ្នកកាសែតថា ចាប់តាំងពីមានការពិភាក្សាក្រៅផ្លូវការរវាងចិន កម្ពុជា និងថៃ ដោយជោគជ័យកាលពីថ្ងៃទី៣០ ខែកក្កដា មក ប្រទេសទាំង២ ពុំមានការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែនទៀតនោះទេ។

លោក Guo បន្ដថា ប្រទេសចិន សរសើប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ាន ដោយបានសម្របសម្រួលស្ថានការណ៍រវាងប្រទេសកម្ពុជា-ថៃ យ៉ាងសកម្ម ខណៈប្រទេសទាំង២ កំពុងរៀបចំកិច្ចប្រជុំ GBC ដើម្បីពិភាក្សាគ្នា តាមរយៈមធ្យោបាយជាច្រើនស្ដីពីការបង្កើតយន្ដការលម្អិតសម្រាប់ការត្រួតពិនិត្យបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងនិរន្ដរភាព។

យោងតាមឆន្ទៈរបស់កម្ពុជា-ថៃ ប្រទេសចិនបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសម៉ាឡេស៊ី និងប្រទេសក្នុងតំបន់ផ្សេងៗទៀត ដើម្បីពង្រឹងបទឈប់បាញ់ ជំរុញទំនាក់ទំនង និងកិច្ចចរចា រួមទាំងជួយបន្ថយស្ថានការណ៍តានតឹងផងដែរ។

សូមជម្រាបថា ប្រទេសចិន ត្រូវបានអញ្ជើញឱ្យចូលរួមសម័យប្រជុំវិសាមញ្ញនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

ប្រភព៖ Xinhua

Share.