ព្រះវិហារ៖ ជនភៀសសឹកចំនួន ៥៥០ គ្រួសារ បានទទួលអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា ន្ទាប់ពីបានទទួលព្រះរាជទានព្រះរាជទ្រព្យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំយកទៅផ្តល់ជូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងវត្តឆែប និងវត្តដងផ្លិត ខេត្តព្រះវិហារ។





ក្នុងឱកាសនេះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គ តែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែងថ្វីបើព្រះអង្គមិនបានយាងមកជួបបងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ។







លោកជំទាវ បានបន្តថា “សូមបងប្អូនកូនក្មួយទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យ ពិសារទឹកដាំពុះ សម្អាតបរិស្ថានជុំវិញកន្លែងយើងរស់នៅ ត្រូវការពារខ្លួនពីជំងឺឆ្លង ជាពិសេសជំងឺគ្រុនឈាម ហើយជំងឺនេះពីមុនគឺកើតតែលើកុមារទេ ប៉ុន្តែបច្ចុប្បន្ននេះមនុស្សពេញវ័យក៏ឆ្លងបានដែរហើយពិបាកព្យាបាលខ្លាំនេះ។ ជំងឺមិនឆ្លងដែលកំពុងដែលបច្ចុប្បន្នកំពុងជាបញ្ហាប្រឈមមាន៤សំខាន់ៗគឺ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម មិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់ទ្វេដង ព្រោះថា បងប្អូនងាយរងហានីភ័យ ដោយសារជំងឺផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។






ជាមួយគ្នានេះដែរ លោកជំទាវ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្តដែលបានទទួលយកបងប្អូនជនភៀសសឹកព្រមទាំងជ្រោមជ្រែងគ្រប់បែបយ៉ាងសំរាប់ការស្នាក់នៅបណ្តោះអាសន្នក្នុងទីអារាមនេះ។




ជាថ្មីម្តងទៀត លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការបានជូនពរដល់បងប្អូនកូនក្មួយទាំអស់ សូមមានសុខភាពល្អ និងពេលធ្វើដំណើរទៅគេហដ្ឋានវិញសូមសុវត្ថិភាព។ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ មុង១ ភួយ១ សាប៊ូ ៤មុខ មាន(សាប៊ូដុំ សាប៊ូកក់សក់ សាប៊ូលាងដៃ និងសាប៊ូលាងចាន) កន្សែងជូតសើម១ប្រអប់ ឃីតសង្គ្រោះបឋម១ប្រអប់ ឆៃប៉ូវផ្អែម ឬត្រសក់ចាវ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល៕

