ថៃប្រើវិធានការច្បាប់ត្រៀមប្ដឹងកម្ពុជាដោយគ្មានមូលដ្ឋាន ដើម្បីបង្វែរទិសខ្យល់ ដែលខ្លួនរងការរិះគន់ក្នុងប្រទេស ការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងការខកការអនុវត្តបទឈប់បាញ់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅក្នុងការប្រកាសលទ្ធផលស្ដីពីការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី៦ សីហា ឆ្នាំ២០២៥។
ការលើកឡើងរបស់កម្ពុជានេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃបានផ្សព្វផ្សាយថា នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បានបញ្ជាឱ្យនាយកដ្ឋានពាក់ព័ន្ធ រៀបចំឯកសារផ្លូវច្បាប់ ដើម្បីផ្តួចផ្តើមបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងក្នុង និងក្រៅប្រទេសប្រឆាំងនឹងកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានលើកឡើងថា វិធានការផ្លូវច្បាប់នេះគឺគ្មានមូលដ្ឋានទាំងស្រុង ហើយបង្កើតជាការប៉ុនប៉ងដោយចេតនាដើម្បីបង្វែរការយកចិត្តទុកដាក់ទាំងក្នុងស្រុក និងអន្តរជាតិពីគោលនយោបាយអរិភាពរបស់ប្រទេសថៃមកលើកម្ពុជា ជាពិសេសការវាយប្រហារដែលមិនបង្កហេតុមកលើទឹកដីកម្ពុជា។ ចំណាត់ការនេះហាក់ដូចជាមានគោលបំណងបង្វែរការរិះគន់ដែលកើនឡើងជុំវិញការស្លាប់ និងរបួសរបស់ជនស៊ីវិល ការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងការខកខានម្តងហើយម្តងទៀតរបស់ប្រទេសថៃក្នុងការអនុលោមតាមកិច្ចព្រមព្រៀងបទឈប់បាញ់។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា ការចោទប្រកាន់ក្រោមសកម្មភាពផ្លូវច្បាប់គឺគ្មានមូលដ្ឋាន ហេតុផលនយោបាយ និងគ្មានមូលដ្ឋានគួរឱ្យទុកចិត្តទាំងស្រុង។ កម្ពុជាច្រានចោលទាំងស្រុងនូវការអះអាងទាំងនេះ។
ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនកើតឡើងថ្មីៗនេះគឺជាការទន្ទ្រានចូលពីសំណាក់កងទ័ពថៃ ហើយបាញ់ផ្លោងមកកម្ពុជា ដែលជាការរំលោភបំបពានអធិបតេយ្យកម្ពុជា ។
ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានបន្ដថា កម្ពុជា ប្រើប្រាស់សិទ្ធស្វ័យការពារស្របច្បាប់របស់ខ្លួន ហើយសមស្របមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលសំដៅការពារជនស៊ីវិលរបស់ខ្លួនប៉ុណ្ណោះ។






បណ្ដុំរូបភាពកម្ពុជារងការបំផ្លាញទ្រព្យសម្បត្តិនានា ពីកងទ័ពថៃឈ្លានពាននៅតំបន់អានសេះ
ទន្ទឹមនឹងនេះកម្ពុជាពុំដែលយកគោលដៅប្រជាជនស៊ីវិល ធ្វើជាគោលដៅការពារខ្លួននោះឡើយ ។ ការខូចខាតជនស៊ីវិលទាំងពីរគឺជារឿងគួរឲ្យសោកស្ដាយ ប៉ុន្ដែការចោទប្រកាន់ មិនត្រឹមត្រូវ ផ្ទុយទៅវិញកងទ័ពថៃបានប្រើប្រាស់គោលដៅស៊ីវិល ផ្ទុយនឹងអនុសញ្ញាទីក្រុងហ្សឺណេវ ។
ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានបន្ដថា កម្ពុជា បានគោរពពេញលេញនូវច្បាប់មនុស្សធម៌អន្ដរជាតិ ហើយកងទ័ពកម្ពុជាមិនដែលយកពលរដ្ឋស៊ីវិលធ្វើជាគោលដៅរបស់ខ្លួនឡើយ ។
កម្ពុជាប្រកាន់ជំហរខ្ពស់លើបញ្ហាសន្ដិភាព ។ ថ្វីបើមានការបង្កររឿងក្ដី ក៏កម្ពុជាបានតាំងចិត្តពេញលេញ គោរពបទឈប់បាញ់ ដូច្នេះកម្ពុជាស្នើឲ្យបញ្ឈប់ការផ្សាយព័ត៌មានមិនពិតមកលើកម្ពុជា និងការបង្កើតជាអមិត្តប្រឆាំងកម្ពុជា ហើយវិលត្រឡប់ទៅរកកិច្ចសន្ទប្រកបដោយការស្ថាបនា ក្នុងន័យវិជ្ជមាន និងស្មារតីសាមគ្គីអាស៊ាន ។
សូមជម្រាបជូនថា ការផ្ទុះអាវុធកាលពីថ្ងៃទី២៤ ខែកក្កដា នៅប្រសាទតាមាន់ធំ គឺផ្ដើមពីកងទ័ពថៃបាញ់មុន។ ថៃបានរាយបន្លាយលួស ហើយកម្ពុជាបានទៅដកបន្លាលួស បន្ទាប់មកថៃ បានញ់កងទ័ពមកកម្ពុជា ទើបកម្ពុជាស្វ័យការពារ នូវដែនអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះ៕
