សៀមរាប ៖ ផ្លូវមួយខ្សែឆ្លងកាត់ពីស្រុកអង្គរធំ ទៅស្រុកអង្គរជុំ ខេត្តសៀមរាប ទទួលរងខូចខាត ខណៈដែលរដូវភ្លៀងមកដល់ទៀតនោះ សភាពផ្លូវជង្ហុក ទឹកភក់ ពិបាកក្នុងការធ្វើដំណើរ ម្យ៉ាងដោយសាររថយន្តធុនធំ ដឹកថ្ម ដឹកដី របស់ក្រុមហ៊ុនបើកឆ្លងកាត់រាល់ថ្ងៃ។

តាមប្រជាពលរដ្ឋបានឱ្យដឹងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះថា ផ្លូវមួយខ្សែក្នុងស្រុកអង្គរធំ ឆ្ពោះទៅស្រុកអង្គរជុំ ខេត្តសៀមរាប អស់រយៈពេលច្រើនឆ្នាំមកហើយ មិនទាន់ស្ថាបនា ឬជួសជុល ឡើងវិញ ម្យ៉ាងវិញទៀត រាល់ថ្ងៃមានរថយន្តធុនធំ ដឹកដី ដឹកថ្ម របស់ក្រុមហ៊ុនឯកជន បើកឆ្លងកាត់ ជាការប្រឈមផ្លូវកាន់តែខូចធ្ងន់ទៅៗ មកដល់រដូវវស្សា ភ្លៀងធ្លាក់ ដងផ្លូវពេញដោយជង្ហុក ទឹក ភក់ ធ្វើឱ្យកាន់តែពិបាកធ្វើដំណើរ ។
តែបើតាម មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប បានឱ្យដឹងថា ផ្លូវមួយខ្សែនេះ មានរថយន្តដឹក ថ្ម ខ្សាច់ ចេញស្រុកអង្គរជុំ ឆ្លងកាត់ ស្រុកអង្គរធំ និង ស្រុកបន្ទាយស្រី ក្នុងនោះមានចំនួន៣ក្រុមហ៊ុន មានរថយន្តបើកឆ្លងកាត់ ។តែបើអាជ្ញាធរខេត្ត បានឱ្យដឹងថា ផ្លូវមួយខ្សែខាងលើ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ។

តែទោះជាខាងណាជាអ្នកគ្រប់គ្រងក៏ដោយ ពលរដ្ឋទទួចស្នើសុំ អាជ្ញាធរ អង្គភាពពាក់ព័ន្ធ មេត្តាជួយសម្រួល ឈូសឆាយ ពង្រាប កាលបើមិនទាន់មានផែនការស្ថាបនា ជៀសវាងឱ្យពលរដ្ឋធ្វើដំណើរកាត់ទឹក ភក់ រាល់ថ្ងៃ ៕

