បេកាំង៖ ក្រុមអ្នកជួយសង្គ្រោះនៅទូទាំងភាគខាងត្បូងប្រទេសចិន បានត្រៀមខ្លួនសម្រាប់ការវាយលុកចុងក្រោយនៃភ្លៀងធ្លាក់ ដ៏ខ្លាំងនាថ្ងៃពុធ នេះ ដោយបន្ដប្រតិបត្តិការបោសសម្អាតកម្ទេចកម្ទី ដីភក់ និងបង្ហូរទឹកចេញពីផ្លូវដែលជន់លិច ខណៈដែលខ្យល់មូសុងនៅអាស៊ីបូព៌ា ឈានដល់កម្រិតកំពូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Star នាថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥។

ក្រុមព្យាករណ៍បានព្រមានអំពីព្យុះផ្គររន្ទះបន្ថែមទៀត រយៈពេលមួយថ្ងៃបន្ទាប់ពីផ្ទៃមេឃពីលើទីក្រុងហុងកុង និងទីក្រុងបច្ចេកវិទ្យាខ្ពស់នៃតំបន់ដីសណ្តទន្លេ Pearl River របស់ប្រទេសចិន បានប្រែទៅជាខ្មៅងងឹត និងបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងខែសីហា ចាប់តាំងពីឆ្នាំ១៨៨៤មក លើទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីដ៏សំខាន់មួយនេះ។

វីដេអូតាមប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញឱ្យឃើញពីផ្លូវដែលគេនិយមដើរទិញឥវ៉ាន់ ក្លាយជាផ្លូវលិចទឹកនៅក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ដែលស្ថានការណ៍នៅទីនោះកាន់តែអាក្រក់ទៅៗនៃជំងឺគ្រុនឈីក ដែលត្រូវបានជំរុញដោយការកើនឡើងនៃកំណើតមូសខ្លា។ ខេត្តក្វាងទុង បានរាយការណ៍ថា មានករណីឆ្លងជំងឺគ្រុនឈីកជាង ៧.០០០នាក់ ហើយមកទល់ពេលនេះ។

ប្រទេសចិន កំពុងទទួលរងការនូវឥទ្ធិពលទឹកភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ខណៈខ្យល់មូសុងនៅអាស៊ីបូព៌ាបានធ្លាក់លើភាគខាងជើង និងខាងត្បូង ដែលបណ្តាលឱ្យបរិយាកាសមានភាពវឹកវរជាច្រើនសប្តាហ៍ ចាប់តាំងពីដើមខែកក្កដា មក។

ក្រុមឧតុនិយបានផ្ដល់នូវតំណរភ្ជាប់ (Link) ដើម្បីឱ្យប្រជាជនតាមដានពីការប្រែប្រួលអាកាសធាតុ ដោយសារទឹកជំនន់ភ្លាមៗ បានធ្វើឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ និងបង្កការគំរាមកំហែងដល់ការខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា ក្រុងប៉េកាំងបានបែងចែកប្រាក់ជាងមួយពាន់លានយ័ន (ស្មើនឹង១៣៩.២១លានដុល្លារអាមេរិក) ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយកាលពីថ្ងៃអង្គារ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទឹកជំនន់នៅក្នុងខេត្ត Guangdong និង Hebei ក៏ដូចជា នៅទីក្រុងប៉េកាំង និងតំបន់ភាគខាងជើងនៃម៉ុងហ្គោលី រួមទាំងការឧបត្ថម្ភធនសម្រាប់ការខូចខាតដល់តំបន់ដាំដុះស្រូវផងដែរ។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថា នឹងធូរស្រាលឡើងវិញក្នុងប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីបានសម្លាប់មនុស្សមួយចំនួននៅក្នុងខេត្តក្វាងទុង កាលពីចុងសប្តាហ៍ និងជំរុញឱ្យមានប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំ ដែលពាក់ព័ន្ធនឹងអ្នកជួយសង្គ្រោះជាង ១.៣០០នាក់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បានប្រញាប់ប្រញាល់បើកបំពង់បង្ហូរទឹក និងបូមទឹកពីតំបន់ទីក្រុង ដោយសារទឹកជំនន់បានបង្កឱ្យមានការរអិលបាក់ដីដែលបាននាំដីល្បាប់ និងរលំដើមឈើនៅលើផ្លូវហាយវេ និងលាងជម្រះហេដ្ឋរចនាសម្ព័ន្ធនានា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា ទន្លេចំនួន ១៦នៅទូទាំងខេត្ត បានឡើងដល់កម្រិតដែលប្រឈមនឹងការបាក់ច្រាំងទន្លេ ដោយកម្រិតទឹកនៅស្ថានីយ៍ជលសាស្ត្រក្នុងតំបន់ចំនួន២ បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៧ និងឆ្នាំ២០១៨។

យ៉ាងណាម៉ិញ មន្ត្រីមកពីក្រសួងគ្រប់គ្រងគ្រោះអាសន្នបាននិយាយកាលពីថ្ងៃអង្គារ ថា ទោះបីជាខ្យល់មូសុងនៅអាស៊ីបូព៌ាចាប់ផ្តើមថយចុះក៏ដោយ ក៏មជ្ឈមណ្ឌលឧតុនិយមរបស់ប្រទេសចិន បានព្រមានថា ភាពអាក្រក់បំផុតប្រហែលជាមិនទាន់ចប់ទេ ដោយព្យុះទីហ្វុង២ ទៅ៣ ត្រូវបានគេរំពឹងថា នឹងវាយប្រហារចិននៅក្នុងខែសីហា នេះ៕

ប្រភព៖ The Star

Share.