ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យទីទួលសុវត្ថិភាព និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន និងនាំសត្វពាហនៈ មកស្នាក់នៅជាបណ្តោះអាសន្ន ដោយសារទឹកទនេមេគង្គហក់ឡើងខ្លាំងនៅក្នុងខេត្តត្បូងឃ្មុំ។


ការចុះត្រួតពិនិត្យនេះមាន២ ទីតាំង ដែលទីតាំងទួលសុវត្ថិភាពទី ១ នៅបរិវេណដីឡូត៍ ឧកញ៉ា អាន ម៉ាឌី ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងទីតាំងទួលសុវត្ថិភាពទី ២ នៅបរិវេណដីឡូត៍ ឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានជម្រុញណែនាំដល់អាជ្ញាធរស្រុក-ឃុំ ត្រូវត្រៀមរៀបចំ សម្អាត កាប់ឆ្ការព្រៃ ជួសជុល និងកែលម្អ នៅជុំវិញទួលសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួយនៅពេលជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ។ ទន្ទឹមនោះ ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែង ផ្សេងៗ ដូចជា៖ ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ និងអគ្គីភ័យ ជាដើម សម្រួលដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ។


ជាមួយគ្នា ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំ ទុកដាក់នូវសម្ភារប្រើប្រាស់ ក៏ដូចជាឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយ អាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង ។


អត្ថបទ៖ អាចារ្យលាក់

