ក្នុងជំនួបជាមួយ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្ត បទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR ) និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT)ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ អោយបានត្រឡប់មកវិញនូវសន្តិភាពឆាប់រហ័សជាទីបំផុត។
នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួននៅព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០២៥នេះ។
បើតាមក្រសួងការពារជាតិ ឯកឧត្តម Nizam បានបញ្ជាក់ឃ្លាមួយដ៏មានអត្ថន័យ “Peace is expensive.” (សន្តិភាពមិនអាចកាត់ថ្លៃបាន) “Life is precious,” (ជីវិតពិតជាមានតម្លៃ ) “Time is of the Essence,” (ពេលវេលាពិតជាសំខាន់)
ស្របតាមអនុសាសន៍របស់សម្តេចធិបតី តែងតែលើកឡើងថា “មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចាគឺអាចជួយសង្គ្រោះដល់ជីវិតរបស់កងកម្លាំងយើង និងប្រជាជនយើងបាន។ កាន់តែឆាប់កាន់តែល្អ” កិច្ចប្រជុំ ៣ថ្ងៃកន្លងមកនេះ ក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន។ ពោលគឺ ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ដោយឡែកពីខាងភាគីថៃក៏មានចំណុចល្អខ្លះៗ ដែលកម្ពុជាទទួលយកបានដូចគ្នា៕


