ទីភ្នាក់ងារអង្គការសហប្រជាជាតិកម្ពុជាបានសូមស្វាគមន៍បទឈប់បាញ់ និងអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង ។ 

ការអំពាវនេះ បានធ្វើឡើងបន្ទាប់ពី ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះទៅពិនិត្យទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី០៦-០៧ សីហា ២០២៥នេះ។

បើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ អំឡុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោកសាដា អ៊ូម៉ាអាឡាម បានបញ្ចេញមតិអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (០៦–០៧ សីហា ២០២៥) របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងដៃគូនានា បានឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹកបាននិងកំពុងជួបប្រទះ។ គ្រួសារជនភៀសសឹកមួយចំនួនកំពុងរងការលំបាកយ៉ាងខ្លាំង ហើយត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

ជាមួយគ្នានេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបយ៉ាងរហ័សរបស់ដៃគូជំនួយមនុស្សធម៌នានា រួមមានទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកស្ម័គ្រចិត្តនានា ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ចាប់តាំងពីជម្លោះកើតឡើងមកម្ល៉េះ ដើម្បីផ្តល់ទីកន្លែងសុវត្ថិភាព ទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងសេវាកម្មចាំបាច់ដល់អ្នករងផលប៉ះពាល់ទាំងនោះ។

កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន រួមមានដូចជា ការផ្តល់ទឹក អនាម័យ ទីកន្លែងស្នាក់នៅ អាហារ (រួមទាំងអង្ករ) សេវាថែទាំសុខភាព ការអប់រំ និងសេវាការពារ។

នៅក្នុងអំឡុងពេលជួបសំណេះសំណាលនោះ សហគមន៍ជនភៀសសឹកក៏បានអំពាវនាវឲ្យមានសន្តិភាព និងការត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។ នេះជាបញ្ហាអាទិភាពដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាផ្តល់នូវការគាំទ្រ។ 

អង្គការសហប្រជាជាតិបន្តប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីបន្តការគាំទ្រចំពោះការឆ្លើយតបមនុស្សធម៌ និងជួយសហគមន៍ជនភៀសសឹកស្ដារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ៕

Share.