ភ្នំពេញ​៖សាលាគណរាជធានីភ្នំពេញ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វត្តបទុមវតីរាជវរារាម នាថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០២៥នេះ​ បានដឹកនាំព្រះសង្ឃ​ និងប្រជាពុទ្ធបរិស័ទ​ជាង​ ១០០០អង្គ/នាក់​ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ ព្រះសង្ឃ សមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីខ្មែរ។

ពិធីនេះបានធ្វេីឡេីងក្រោមវត្តមានឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា​ និងមានការចូលរួមពីលោកជំទាវ​ កែ សួនសុភី សសុខា​ រួមទាំងមានព្រះសង្ឃ​ និងប្រជាពុទ្ធបរិស័ទ​ជាង​ ១០០០អង្គ/នាក់​ ដែលបានប្រារព្ធនៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

នៅក្នុងពិធីនេះក៏មានការធ្វេីនមស្ការព្រះរតនត្រ័យ និងសមាធិ ៣០នាទី,​ សមាទានសីល និងវេរភត្តាហារប្រគេនព្រះសង្ឃ សមណសិស្ស​ ,​ព្រះសង្ឃ បានធ្វើភត្តានុមោទនា បង្សុកូលប្រមូលបុណ្យកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ដើម្បីសេចក្តីសុខសន្តិភាព ស្ថេរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរជាយូរអង្វែងតរៀងទៅ។

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃដែលផ្តើ​មឡើងពីការឈ្លានពានរបស់យោធាថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នាបន្តបរហូតដល់យប់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥ ពោលគឺនៅពេលភាគីទាំងពីរបានយល់ព្រមទទួលយកបទឈប់បាញ់បន្ទាប់ពីមេដឹកនាំកម្ពុជា-ថៃបានចួបគ្នាដោយមានមេដឹកនាំម៉ាឡេស៊ីជាប្រធានអាស៊ានប្តូរវេនជាអ្នកសម្របសម្រួលក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ។កិច្ចប្រជុំនោះក៏មានការចូលរួមពីសំណាក់តំណាងប្រទេសចិននិងអាមេរិកផងដែរ៕

អត្ថបទ៖ត្រយងតូច

Share.