បាត់ដំបង÷ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង ថយចុះច្រើនដោយសារព្រួយបារម្ភពីក្តីសុខសុវត្ថិភាពកាន់តែប្រឈមខ្លាំង។

មន្ត្រីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ហើយវិលត្រឡប់មកកាន់ប្រទេសកំណើតវិញនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥នេះមានទូរលេខថយចុះច្រើន ដោយនៅសល់ត្រឹមតែចំនួនជាង ១ម៉ឺននាក់ប៉ុណ្ណោះ ខណ:ថ្ងៃទី ៧ មានចំនួន ៥ម៉ឺននាក់ និងទូរលេខនៅថ្ងទី ៦ ខែសីហា មានចំនួនជាង ១២ម៉ឺននាក់។

ការវិលត្រឡប់របស់ពលករខ្មែរមកស្រុកកំណើតកើនឡើងច្រើនយ៉ាងគំហុកកន្លងមកនេះអាចសន្និដ្ឋានបានថាចំនួនពលករខ្មែរដែលរស់នៅធ្វើការងារនៅប្រទេសថៃមានចំនួនកាន់តែតិច ឬជិតអស់ គ្រាពលករខ្មែរបានចូលមកប្រទេសកំណើតកើនឡើងប្រមាណជាង ៨០ម៉ឺននាក់នៅទូរទាំងប្រទេសចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា ជាថ្ងៃទាហានសៀមចូលឈ្លានពានលើប្រទេសកម្ពុជារហូតមានការផ្ទុះអាវុធខ្លាំង។

មន្ត្រីច្រកទ្វារអន្តរជាតិដូងបន្ថែមថា÷ ពលករខ្មែរបានលើកឡើងដូចៗគ្នាថា ការវិលចូលស្រុកកំណើតវិញនេះដោយសារពួកគាត់ព្រួយបារម្ភអំពីអំពើហិង្សា វាយធ្វើបាប និងអំពើរើសអើងផ្សេងៗពីសំណាក់ក្រុមជ្រុលនិយមរបស់ប្រជាជនសៀមដែលជាក់ស្តែងកន្លងមកបានធ្វើទុក្ខបុកម្នេញដល់ពលករខ្មែរជាហូរហែមក៕

អត្ថបទ: ដំបងក្រញូង

Share.