ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតទល់នឹង Kasuka FC វគ្គជម្រុះ AFC Challenge League 2025-26 នៅកីឡដ្ឋានជាតិ Hassanal Bolkiah, Bandar Seri Begawan ប្រទេសប្រ៊ុយណេ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ម៉ោង ៧:១៥នាទីយប់។

មុនការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ថ្លែងថា៖«នេះគឺជាការធ្វើដំណើរមកការប្រទេសប្រ៊ុយណេលើកទីមួយសម្រាប់យើង ហើយក៏ជាការប្រកួតផ្លូវការលក្ខណៈអន្តរជាតិលើកទីមួយផងដែរ ដូច្នេះខ្ញុំពិតជាមានអារម្មណ៍រំភើប។ ហើយខ្ញុំគិតថាការប្រកួតនេះនឹងក្លាយជាការប្រកួតដែលទាក់ទាញមួយ។

វាគឺជាលើកទីមួយសម្រាប់យើងក្នុងការប្រកួត AFC Challenge League បើទោះបីជាយើងធ្លាប់លេងពានរង្វាន់ AFC CUP ក៏ដោយក្តី។ ខ្ញុំគិតថាបទពិសោធន៍នេះគឺមិនខុសគ្នាប៉ុន្មានទេ។

យើងចង់លេងតាមរបៀបរបស់យើង ហើយយើងក៏ចង់លេងប្រកួតដោយទំនុកចិត្ត ការគ្រប់គ្រងបាល់ និងការបង្កើតឪកាសឲ្យបានច្រើនផងដែរ។

ពួកគេគឺជាក្រុមល្អមួយ យើងបានដឹងពីចំនុចខ្លាំងរបស់គេនោះគឺតំបន់ប្រយុទ្ធ ដូច្នេះយើងរំពឹងថាវាគឺជាការប្រកួតដ៏ពិបាកមួយ។ យើងចង់បញ្ចប់អ្វីៗគ្រប់យ៉ាងមុនម៉ោងបន្ថែម។

ខ្ញុំគិតថានេះគឺជាការប្រកួតប្រជែងថ្មីមួយសម្រាប់យើង ហើយយើងក៏ចង់បង្ហាញ និងត្រូវការជ័យជម្នះដើម្បីឡើងទៅវគ្គចែកពូលផងដែរ។»

មុនជួបភ្នំពេញក្រោន ក្លិប Kasuka FC នាំចូលកីឡាករបរទេស៤នាក់៖

  • Coulibaly Adama ជនជាតិកូតឌីវ័រ
  • Pedrinho Alves ជនជាតិប្រេស៊ីល
  • Daisuke Kobayashi ជនជាតិជប៉ុន
  • Maycom Carvalho ជនជាតិប្រេស៊ីល។

ស្របពេលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឡើងទៅលេងពាន​រង្វាន់ AFC Challenge League នៅ​ក្នុង​វគ្គចែកពូល Group Stage ដោយ​ស្វ័យប្រវត្តិ ក្រោយគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៤-២៥៕

Share.