កំពង់ចាម ៖ ផ្ទះចំនួន៤ល្វែង ដែលផ្នែកខាងលើនៃជាន់ដំបូល ស្តុកអុីវ៉ាន់ ត្រូវបានអគ្គិភ័យឆាបឆេះ រងខូចខាតអស់សម្ភារៈ ដោយសារទុស្សេចរន្តអគ្គសនី បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅក្បែរផ្សារធំ ភូមិទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះទាំង៤ល្វែង មានកម្មសិទ្ធ៣គ្រួសារ ឈ្មោះ ជា សាវ៉េត ភឹទប្រុស ២ល្វែងជាប់គ្នា ឈ្មោះ លាង ណេង ភេទស្រី ១ល្វែង ឈ្មោះ ឈុន ឈាងឡេង ភេទស្រី ១ល្វែង ។ ផ្ទះទាំង៤ល្វែងរងខូចខាតផ្នែកដំបូល ខូចខាតសម្ភារៈ ម៉ូទ័របូមទឹក២០០គ្រឿង ខ្សែពាន ២មុឺនខ្សែ សំបកកង់ថាឡេថង ចំនួន២០គ្រាប់ ម៉ាសុីនកាត់ស្មៅ ១៥០គ្រឿង ។

គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សចរន្តអគ្គិសនី ឆាបឆេះផ្នែកជាន់លើដំបូល កន្លែងស្តុកអុីវ៉ាន់ ភ្លាមៗត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងរហូតដល់វេលាម៉ោង៩និង១០នាទីយប់ថ្ងៃដដែល ទើបភ្លើងរលត់ទាំងស្រុង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.