រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរាយការណ៍ទៅអង្គការសហប្រជាជាតិអំពីការគំរាមកំហែងចំពោះបទឈប់បាញ់ ដែលមានកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែភាគីថៃ បានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់ដោយមានទាំងរាយបន្លាលួសផងដែរ។

នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម ជុំ សុន្ទរី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ទៀតថា តាមរយៈលិខិតដាច់ដោយឡែកពីគ្នាផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ក៏ដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងថា អំពីហានិភ័យដែលកំពុងកើនឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយខ្លាំងរវាងកម្ពុជា-ថៃ។  បច្ចុប្បន្ននេះកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយនេះ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកម្លាំងយោធាថៃ បានបន្ដបង្កើនការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្ដរជាតិ និងកិច្ចព្រមព្រៀងទ្វេរភាគីដែលមានសុពលភាពតាមផ្លូវច្បាប់។

បើតាមអ្នកនាំពាក្យក្រសួងដដែល រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អំពាវនាវប្រធានក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្ដលើកទឹកចិត្តឲ្យមានការគោរពឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយ និងកំពុងប្រឈមហានិភ័យនេះ និងសូមឲ្យមានការខិតខំប្រឹងប្រែងគាំទ្រដើម្បីសម្រេចបាននូវការបញ្ឈប់ទាំងស្រុងនូវអរិយភាពប្រដាប់អាវុធ និងដំណើរឆ្ពោះទៅរកភាពប្រក្រតី៕

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះ បានបន្ថែមទៀតថា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កងកម្លាំងយោធាថៃ បានបន្ដជ្រៀតចូលទឹកដីកម្ពុជាដោយខុសច្បាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែងជាច្រើន៕

Share.