អង្គការសង្គមស៊ីវិលចំនួន៨១ នៅខេត្តស្វាយរៀង នៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៥នេះ បានចេញញត្តិគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារអធិបតេយ្យជាតិនិងបូរណភាពដែនដីកម្ពុជា។
ក្នុងញត្តិនោះដែរ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា រំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា កាលពីវេលាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កងទ័ពថៃបានប្រើសព្វាវុធធន់ធ្ងន់គ្រប់ប្រភេទ រួមទាំងការបាញ់ផ្សែងពុលពីយន្តហោះ និងការប្រើប្រាស់គ្រាប់បែកចង្កោមដែលត្រូវបានហាមប្រាមដោយអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ជាពិសេសបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារជាទីសក្ការៈនិងជាសម្បត្ដិបេតិកភណ្ឌពិភពលោក។
អង្គការសង្គមស៊ីវិលទាំងនោះ បានចាត់ទុកទង្វើឈ្លានពានយ៉ាងយង់ឃ្នងពីសំណាក់ទាហានថៃមកលើបូរណភាពនិងអធិបតេយ្យកម្ពុជា គឺជាការរំលោភបំពានលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន ដែលជាទង្វើឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសបានបំពានលើសិទ្ធិរស់រានរបស់ពលរដ្ឋ បង្កឱ្យមានជនភៀសសឹករាប់សិបម៉ឺននាក់ រួមទាំងមនុស្សចាស់ជរា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសិទ្ធិកុមារ ស្រ្តីមានផ្ទៃពោះ ព្រមទាំងបានបង្កឱ្យបាត់បង់អាយុជីវិតកងទ័ពនិងប្រជាជនស៊ីវិលជាច្រើនរូប ជាមួយនឹងការបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនអនេកថែមទៀត។

អង្គការសង្គមស៊ីវិលទាំងនេះ បានសម្តែងការកោតសរសើរដោយស្មោះប្រកបដោយមោទកភាពជាតិយ៉ាងក្រៃលែងចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់ដ៏អស្ចារ្យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងលើសមរភូមិការពារជាតិនិងលើសមរភូមិការទូត ដែលធ្វើឱ្យកម្ពុជាទទួលបាននូវភាពមានប្រៀបលើបច្ចាមិត្ត និងមានការទទួលស្គាល់ពីប្រទេសមហាអំណាចនិងសហគមន៍អន្តរជាតិ ព្រមទាំងបានកោតសរសើរយ៉ាងក្លៀវក្លាចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់វីរកងទ័ពជួរមុខទាំងអស់ ដែលបានពលីជីវិតនិងលះបង់កម្លាំងកាយចិត្តប្រយុទ្ធយ៉ាងស្វិតស្វាញការពារទឹកដី និងទទួលបានជ័យជំនះលើសមរភូមិ។
តំណាងអង្គការសង្គមស៊ីវិលទាំងអស់ក្នុងខេត្តស្វាយរៀង ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក រដ្ឋាភិបាលចិន និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានខ្នះខ្នែងសម្របសម្រួលឱ្យមានបទឈប់បាញ់ជាបន្ទាន់និងឥតលក្ខខណ្ឌ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងយន្តការសង្កេតការណ៍អន្តរជាតិ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចូលរួមចំណែកដល់ការពង្រឹងសន្តិសុខនៅក្នុងតំបន់។
តាមរយៈញត្តិនោះដែរ អង្គការសង្គមស៊ីវិលនៅក្នុងខេត្តស្វាយរៀងទាំង៨១ បានអំពាវនាវដោយទទូចដល់សហគមន៍អន្តរជាតិ ឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលនិងយោធាថៃ ដោះលែងដោយឥតលក្ខខណ្ឌនូវវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដែលភាគីថៃបានឯកភាពជាមួយភាគីកម្ពុជា។
អង្គការសង្គមស៊ីវិលទាំងនេះក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនិងទំនុកចិត្តឥតងាករេ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា និងប្តេជ្ញាបន្តចូលរួមគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាលក្នុងការការពារឯករាជ្យភាព អធិបតេយ្យ បូរណភាព សន្តិភាព និងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា៕



