ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា ទទួលបានកក់អីឡើងទៅការប្រកួតវគ្គជម្រុះក្នុងពូល នៃពានរង្វាន់បាល់ទាត់ប្រចាំទ្វីបកម្រិតទី៣ AFC Challenge League ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះលើក្រុមបាល់ទាត់ របស់ប៊្រុយណេ Kasuka FC ដោយលទ្ធផល ៦-០ ក្នុងវគ្គជម្រុះ Play Off នៅរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ក្នុងកីឡដ្ឋាន 𝐇𝐚𝐬𝐬𝐚𝐧𝐚𝐥 𝐁𝐨𝐥𝐤𝐢𝐚𝐡 ប្រទេសប៊្រុយណេ ។
លទ្ធផលចប់ការប្រកួត
Kasuka FC ០-៦ ភ្នំពេញក្រោន
មូលហេតុភ្នំពេញក្រោន មានឈ្មោះទៅទៅលេងពានរង្វាន់កម្រិតទី៣ប្រចាំទ្វីប គឺដោយសារក្រុមបាល់ទាត់កូរ៉េខាងជើង មិនអាចបំពេញអាជ្ញាប័ណ្ណក្លិបបាល់ទាត់ ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។
ដូចនេះរដូវកាលឆ្នាំ២០២៥-២៦ នៃពានរង្វាន់ AFC Challenge League កម្ពុជា នឹងមានក្រុមចំនួន២ចូលរួមប្រកួតក្នុងវគ្គជម្រុះក្នុងពូល គឺភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ។
កាលពីរដូវកាល ២០២៤-២៥ ក្រុមបាល់ទាត់ FK Arkadag បារបស់តួកម៉េនីស្ថាន គ្រងជើងឯក ពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League ក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀង ២-១ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងពហុកីឡដ្ឋានជាតិមរតតេជោ ប្រទេសកម្ពុជា ក្រោមក្រសែលភ្នែកអ្នកគាំទ្រ ៥១,៦១០នាក់។
ពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី លើកមុនឈ្មោះថា AFC President’s Cup បង្កើតឡើងនៅឆ្នាំ២០០៤ ហើយផ្អាកនៅឆ្នាំ២០១៤ ហើយកម្ពុជា មានឈ្មោះចូលរួមប្រកួតប្រជែងគ្រប់ឆ្នាំ ដោយនៅឆ្នាំ២០០៦ ក្លិបខេមរាកីឡា ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ១លើក ហើយនៅឆ្នាំ២០១១ ក្លិបភ្នំពេញក្រោន ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ១លើក។
ក្រោយពេលរំសាយពានរង្វាន់ AFC President’s Cup សហព័ន្ធបាល់ទាត់អាស៊ី បានសម្រេចឱ្យក្លិបតាមបណ្តាប្រទេសជាសមាជិកចូលរួមប្រកួតពានរង្វាន់កម្រិតទី២ គឺ AFC Cup ទាំងអស់គិតពីឆ្នាំ២០១៧ មក ដោយប្រទេសខ្លះមានឈ្មោះប្រកួតក្នុងវគ្គជម្រុះតាមកម្រិតដែលបានកំណត់ ហើយប្រទេសខ្លះមានក្រុមចាំនៅវគ្គចែកពូល។ ប៉ុន្តែចាប់ពីរដូវកាល២០២៣-២៤ តទៅសហព័ន្ធបាល់ទាត់អាស៊ី បានសម្រេចបង្កើតពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបឡើងវិញ ដោយប្រើឈ្មោះថា AFC Challenge League ក្នុងនោះការវាយតម្លៃរបស់សហព័ន្ធបាល់ទាត់អាស៊ី តម្រូវឱ្យកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់នេះ២រដូវកាលជាប់ៗគ្នា ដល់រដូវកាល២០២៥-២៦ ខាងមុខ៕


