លោក សុខ សំអឿនប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទបានបញ្ចេញទស្សនៈថា អ្នកមានឈាមជ័រជាខ្មែររស់នៅលើអតីតខេត្តខ្មែរ លោកយល់ថា ពួកគេនៅតែជាបងប្អូនរួមឈាមខ្មែរជានិច្ច។ ពួកគេនឹងនិយាយថាគេមានឈាមជ័រជាខ្មែរ នៅពេលដែលខ្មែរកណ្តាលយើងខ្លាំងក្លា។ ដូចនេះ ខ្មែរកណ្តាលទាំងអស់ត្រូវតែរួមសាមគ្គីគ្នា និង ប្រឹងកសាងកម្ពុជាឱ្យបានខ្លាំងក្លា។
សម្រាប់មេធាវីចាស់វស្សារូបនេះ មិនសំខាន់ត្រូវតែមានទឹកដីធំនោះទេ ប៉ុន្តែប្រការសំខាន់ឱ្យតែមានប្រជាជនដែលមានឈាមជ័រជាខ្មែរ នៅតែរក្សាភាសា អក្សរ វប្បធម៌ និង ប្រពៃណី របស់ខ្មែរ។
ពាក់ព័ន្ធទៅនឹងជម្លោះរវាងកម្ពុជានិងថៃ លោកថា កម្លាំងទិញផលិតផលពីប្រទេសមួយកាន់តែច្រើន ប្រទេសអ្នកទិញនឹងមានឥទ្ធិពលទៅលើប្រទេសអ្នកលក់។ ក្នុងន័យនេះ លោកសង្កត់ធ្ងន់ថា ការធ្វើឱ្យថៃ យល់ថាការបិទច្រកព្រំដែន មិនមែនជាការគំរាមកំហែងមកលើប្រទេសកម្ពុជា តែគឺជាការខាតបង់របស់ប្រទេសថៃ នោះគឺជាយុទ្ធសាស្រ្តល្អ ដែលអាចគៀបសង្កត់ទៅលើប្រទេសថៃឱ្យឈប់បង្ករវិវាទជាមួយកម្ពុជា និង ធ្វើឱ្យថៃសូមចងមិត្តជាមួយកម្ពុជាវិញ។
លោកមេធាវី សុខ សំអឿនយល់ថា ការពហិការមិនទិញរបស់ថៃ អាចនឹងធ្វើការគៀបសង្កត់ប្រទេសថៃមួយ រយៈមែន តែមិនមែនសម្រាប់យូរអង្វែងនោះទេ គេក៏អាចរកវិធីដោះស្រាយបានដែរទៅថ្ងៃមុខ។
ការធ្វើឱ្យថៃយល់ថា ពលករខ្មែរ ល្អប្រសើរជាងការប្រើពលករជនជាតិផ្សេង ហើយការចងមិត្តជាមួយកម្ពុជាវានឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់ប្រទេសថៃ នោះទើបជាយុទ្ធសាស្រ្តដ៏ប្រសើរ សម្រាប់សន្តិភាពយូរអង្វែង។
យើងនឹងឈប់ប្រើផលិតផលថៃ ប្រសិនបើមានផលិតផលប្រទេសផ្សេងមានគុណភាពដូចគ្នា ឬ លើសជាង ហើយមានតម្លៃថោក ឬ ក៏ប្រដំប្រសងនឹងគ្នា នេះគឺជាសង្គ្រាមពាណិជ្ជកម្ម។
លោកបានសង្កត់ធ្ងន់ដែរថា ការបង្ហាញពីពហិការមិនទិញផលិតផលថៃ ការប្រកាន់រើសអើងជនជាតិថៃ នឹងធ្វើឱ្យប្រទេសទាំងពីរល្អក់កករ ចងជាសត្រូវមិនចេះចប់ ហើយក៏អាចងាយបង្កឱ្យមានសង្រ្គាមរវាងគ្នាដែរ៕

