កំពុងតែមានការចាប់អារម្មណ៍ខ្លាំង ក្រោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានថៃ ជុំវិញយុទ្ធសាស្ត្រជំរុញការស្តារពាណិជ្ជកម្មតាមព្រំដែនផ្តោតលើការរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មី។

ដោយក្នុងនោះបានបង្ហើបឱ្យដឹងថានៅពេលនេះសហគ្រិនថៃដែលធ្លាប់ដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន ថៃ កម្ពុជា បានចាប់ផ្ដើមសម្របខ្លួនជាមួយនឹងស្ថានការណ៍ ដោយខណៈក្រសួងត្រៀមរៀបចំចរចាជាមួយឯកអគ្គរដ្ឋទូតឡាវ ដើម្បីស្នើសុំផ្លូវឆ្លងកាត់ដឹកទំនិញពីខេត្តឧប៊ុនរាជធានី ឆ្លងតាមឡវ ឆ្ពោះទៅកម្ពុជា។

លោក ចាតុផន ប៊ុរុសផាត់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានលើកឡើងអំពីការស្តារពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនថៃ-កម្ពុជា ថាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលប្រមូលទិន្នន័យដើម្បីវាយតម្លៃស្ថានភាពការបើកដំណើរការច្រកព្រំដែនឡើងវិញ។

មជ្ឈមណ្ឌលដែលបានបង្កើតឡើងបានពិភាក្សាជាបន្តបន្ទាប់អំពីវិធានការសម្រាប់ពាណិជ្ជកម្មតាមព្រំដែន។ សព្វថ្ងៃនេះ ពាណិជ្ជកម្មតាមព្រំដែន ដែលជាទំនិញ Modern Trade របស់ថៃនៅកម្ពុជាក៏មានខ្លះដែរ។

បើតាមការលើកពីរដ្ឋមន្ត្រីពាណិជ្ជកម្មថៃរូបនេះ បានសេចក្ដីថា សហគ្រិនថៃបានសម្របខ្លួនរួចស្រេច ក្នុងការប្ដូរពីការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ព្រំដែនកម្ពុជាថៃ មកដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងតាមច្រកព្រំដែនប្រទេស​ឡាវ​។

រដ្ឋមន្ត្រីថៃដដែលបានថ្លែងបន្តទៀតថា «កាលពីម្សិលមិញ ខ្ញុំបានជួបឯកអគ្គរដ្ឋទូតឡាវ ហើយគិតថានឹងពិភាក្សាម្តងទៀតដើម្បីស្នើសុំផ្លូវឆ្លងកាត់ពីខេត្តឧប៊ុនរាជធានីទៅឡាវ ហើយបន្តទៅកម្ពុជា ដោយនឹងពិភាក្សាអំពីថ្លៃឆ្លងកាត់និងវិធីកាត់បន្ថយការចំណាយ។ នៅពេលសួរអំពីនិន្នាការនៃការស្តារទីផ្សារនៅក្នុងប្រទេសកម្ពុជា ថាតើលំបាក​ឬ​អត់​ លោក ចាតុផន បាននិយាយថា សព្វថ្ងៃផ្តោតលើការរក្សាទីផ្សារចាស់ឱ្យនៅរឹងមាំជាមុនសិន ខណៈពេលជាមួយគ្នានោះ ក្រសួងពាណិជ្ជកម្មថៃ ក៏កំពុងជំរុញស្វែងរកទីផ្សារថ្មីៗសម្រាប់សហគ្រិនផងដែរ៕

Share.