ត្បិតថាបញ្ហាព្រំដែនជាមួយនឹងប្រទេសកម្ពុជា បានឈានទៅដល់បទឈប់បាញ់ធ្វើឱ្យការប៉ះទង្គិចត្រូវាបានបញ្ចប់ ប៉ុន្តែបើត្រលប់ទៅមើលព្រំដែនភាគត្បូងរបស់ថៃវិញ ហាក់កំពុងតែពុះកញ្ជ្រោល រហូតដល់មានដំណឹងត្រៀមកម្លាំងទប់ទល់ការវាយប្រហារពីក្រុមជនប៉ះបោរផ្ដាច់ខ្លួន ដែលកំពុងតែសកម្មទិញអាវុធ និងគ្រាប់រំសេវចូល។

ជាមួយនឹងដំណឹងពីអ្នកស៊ើបការ មេទ័ពយោធភូមិភាគទី៤ ថៃ បានល្បាតតាមផ្លូវអាកាសនៅតាមព្រំដែនខេត្ត Narathiwat នាភាគខាងត្បូងប្រទេសថៃ ដើម្បីពិនិត្យមើលស្ថានការណ៍វាយតម្លៃផ្លូវរត់ពន្ធ ទីតាំងសម្ងាត់ និងចំណុចងាយរងគ្រោះ បន្ទាប់ពីទទួលបានរបាយការណ៍ ក្រុមបះបោរផ្ដាច់ខ្លួនកំពុងជួញដូរអាវុធ និងគ្រាប់រំសេវពីប្រទេសជិតខាងចូលដីថៃ ដោយបញ្ជាឱ្យពង្រឹងប្រតិបត្តិការសន្ដិសុខជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

លោក Paisal Nusang មេបញ្ជាការយោធភូមិភាគទី៤ បានចេញរបាយការណ៍ និងបង្ហាញភស្តុតាងជារូបថតនៃក្រុមបះបោរដែលបានរត់ពន្ធអាវុធ និងគ្រាប់រំសេវពីប្រទេសជិតខាងចូលក្នុងតំបន់ព្រំដែនប្រទេសថៃ។




បន្ទាប់ពីបេសកកម្មលើអាកាស មេទ័ពភូមិភាគ៤ បានកោះប្រជុំបន្ទាន់មួយជាមួយក្រុមការងារពាក់ព័ន្ធ រួមទាំងពិភាក្សា និងត្រៀមកម្លាំងទប់ទល់ការវាយប្រហារដែលអាចកើតមាន ដោយមានវិធានការរួមមាន ការបិទច្រករបៀងដឹកជញ្ជូនទំនិញ ការបង្កើនការល្បាតជើងគោកទាំងយប់ទាំងថ្ងៃ និងការបង្កើនការសម្របសម្រួលជាមួយភ្នាក់ងារសន្ដិសុខនៅក្នុងប្រទេសជិតខាង។
មែនទែនទៅ ករណីមិនស្ងប់ ឬអសន្តិសុខនៅខេត្តភាគខាងត្បូងថៃនេះ គឺតែងតែកើតមានជារឿយៗ ដោយបានបណ្ដាលឱ្យជនស៊ីវិល មន្ត្រីប៉ូលិស រាជការ និងកងទ័ពបាត់បង់ជីវិតជាច្រើននាក់ដោយសារតែការលបបាញ់ និងលងដាក់គ្រាប់បែកបំផ្ទុះ នៅទីតាំងរាជការ ឬទីតាំងសំខាន់ៗ ដូច្នេះប្រសិនបើកម្លាំងក្រុមប៉ះបោរទិញ អាវុធនិងរំសេវ ចូលច្រើន នោះបានសេចក្ដីថា ពួកគេប្រាកដជាចង់ឆ្លៀតឱកាសដែលថៃកំពុងតែភ្លេចខ្លួន និងជាប់ដៃឈ្លានពានកម្ពុជា បង្ករហេតុណាមួយជាក់ជាមិនខាន៕

