ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងនាំយកមូលនិធិ CPL Cares Foundation ដែលបានមកការប្រកួតគ្រុឌខេមបូឌានស៊ូភើខាប់ កាលពីសប្ដាហ៍កន្លងទៅ ចែកជូនបងប្អូនជនភៀសសឹកដោយសារបញ្ហានាពេលថ្មីៗនេះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន២ខេត្ត គឺខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

យុទ្ធនាការ CPL Cares លីគកំពូលកម្ពុជា បានចាប់ផ្តើមគំនិតផ្តួចផ្តើមផ្សព្វផ្សាយមនុស្សធម៌ ដើម្បីជួយដល់គ្រួសារដែលផ្លាស់ទីលំនៅដោយកាលៈទេសៈបច្ចុប្បន្ន ក្រោមពាក្យស្លោកដ៏កក់ក្តៅ “ដើម្បីគ្រួសារយើង” ហើយចំនួនទឹកប្រាក់ដែលយើងទទួលបានរហូតដល់ ៧៦,០០០,០០០រៀល ដែលបានមកពីប្រាក់ចំណូលពី CPL ក្នុងការលក់សំបុត្រក្នុងការប្រកួតគ្រុឌខេមបូឌានស៊ូភើខាប់ចំនួន ៨,០០០ដុល្លារ ពីការបរិច្ចាគប្រាក់ចំណូលពីការលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ថ្ងៃប្រកួតចំនួន ៨,០០០ដុល្លារ និងប្រាក់រង្វាន់ជ័យលាភី របស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ចំនួន ៣,០០០ដុល្លារ ផងដែរ។

សម្រាប់ថវិការដែលទទួលបានទាំងអស់នេះ ក្រុមការងារក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានទិញជាសម្ភារ៖ប្រើប្រាស់ ដូចជា តង់ មុង ភួយ ធូបមុស អង្ករ មី និងសាច់ក្រៀមក្រោះ ផ្សេងៗទៀត ដើម្បីផ្តល់ជូន ទៅកាន់ក្រុមគ្រួសារ បងប្អូនជនភៀសសឹក ដោយសារបញ្ហានាពេលថ្មីៗនេះនៅតាមបន្ទាត់ព្រំដែនកម្ពុជាដែលមានទីតាំងស្ថិតនៅ វត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ និងមួយផ្នែកទៀតសម្រាប់បងប្អូនជនភៀសសឹកនៅខេត្តសៀមរាបផងដែរ។
សូមជម្រាបផងដែរថា ក្រុមការងារខេមបូឌានព្រីមៀរលីគ នឹងចេញដំណើរទៅខេត្តឧត្តរមានជ័យដើម្បីយកសម្ភារ:ក៏ដូចជាថវិការចែកជូនជនភៀសសឹក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ និងចែកជូនបងប្អូនអ្នកសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ CPL



