តាកែវ​៖ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃខែឆ្នាំដ៏ដែល កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជៀប កង ភេទស្រី អាយុ ២៤ឆ្នាំ និងដកហូតវត្ថុតាងខ្សែកផ្លាកទីនចំនួន០១ខ្សែ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ។

កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ មានករណីអំពើលួច(លួចបន្លំដោះគ្រឿងអលង្ការក្មេងសិស្សសាលា) កើតឡើងនៅចំណុចសាលាមតេយ្យសហគមន៍ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ជៀប កង ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាដើរធ្វើសកម្មភាពលួចបន្លំដោះគ្រឿងអលង្ការពីក្មេងៗសិស្សសាលាតូចជាច្រើនករណី)។

ជនសង្ស័យប្រើប្រាស់មធ្យោបាយធ្វើដំណើរម៉ូតូចំនួន០១គ្រឿង ម៉ាក ស៊ុយស៊ូគីលែត សេរីឆ្នាំ២០១៩ ពណ៌ស-ក្រហម ពាក់ស្លាកលេខ តាកែវ ១G-៩១១៥ បានធ្វើសកម្មភាពប្រើល្បិចឧបាយកលចូលលួចបន្លំដោះគ្រឿងអលង្ការខ្សែកផ្លាកទីនចំនួន០១ខ្សែរបស់កុមារីជនរងគ្រោះឈ្មោះ សឿន ស្រីមាន ភេទស្រី អាយុ០៤ឆ្នាំ ជាសិស្សសាលាមតេយ្យ រស់នៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ នៅក្នុងបរិវេណសាលាមតេយ្យសហគមន៍ត្រពាំងឈូក ពេលកុមារីជនសរងគ្រោះខាងលើដល់ម៉ោងសម្រាកចេញលេង ។ ក្រោយពេលធ្វើសកម្មភាពលួចបន្លំដោះគ្រឿងអលង្ការខ្សែកពីកុមារីរងគ្រោះបានសម្រេចជនសង្ស័យបានគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបានប្រគល់នូវវត្ថុតាងខ្សែកផ្លាកទីនចំនួន០១ខ្សែឱ្យទៅឈ្មោះ ផេ សំណាង ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះយកទៅប្រើប្រាស់វិញ៕

អត្ថបទ៖ ចតុម្មុខ

Share.