ត្បូងឃ្មុំ៖ ផ្លូវកៅស៊ូប្រវែងជិត២៦គីឡូម៉ែត្រ ឆ្លងកាត់ពីរឃុំ ថ្មពេជ្រ និងឃុំជីរោទិ៍ទី២ ក្នុងស្រុក/ខេត្តត្បូងឃ្មុំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តដឹកលើសទម្ងន់។ ក្នុងស្ថានភាពលំបាកធ្វើដំណើរដល់ប្រជាពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ទើបពួកគាត់ស្នើសុំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្តមេត្តាពិនិត្យ និងជួយជួសជុលផង។







ប្រជាពលរដ្ឋចំនួន៨ភូមិ គឺភូមិត្រពាំងឫស្សី ចំបក់ ជៀស ដូង ថ្មពេជ្រ ពើក រោងគោ និងភូមិម្រាមទាក ស្ថិតក្នុងឃុំខាងលើ បានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ ផ្លូវនេះសាងសង់នៅឆ្នាំ២០១៩ ជិះស្រួលបាន ២ឆ្នាំដែរ ហើយក៏ចាប់ខូចរលួយ កើតសំបុកមាន់ ក្រលុកក្របី ជាថ្លុក អូរ ទ្រនប់ ដក់ទឹក ពិបាកធ្វើដំណើរណាស់ នៅពេលបងប្អូន ប្រជាពលរដ្ឋ មន្រ្តីរាជការ សិស្សានុសិស្ស ទៅបំពេញការងារ ទៅរៀន ដឹកកសិផលទៅកាន់ទីផ្សារ បានជួបប្រទះនឹងការលំបាកណាស់ ជាហេតុបង្ករឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពិសេសរថយន្តតូចៗ ត្រូវបើកកូសទ្រូងថ្នល់បែកផ្កាភ្លើងព្រាកៗ ជិះចូលក្រលុកសាចទឹកដាក់គ្នា ប្រឡាក់ភួក ស្ទើរាល់ថ្ងៃ ។
ផលលំបាកមានរយៈពេល ៤ឆ្នាំមកហើយ ហើយនៅឆ្នាំ២០២៥ នេះ ផ្លូវរឹតតែលំបាក ប្រជាពលរដ្ឋបានជំរាបទៅខាងអាជ្ញាធរ មន្ទីរអភិវឌ្ឍន៍ជនបទដែរ តែពុំទាន់មានដំណោះស្រាយនៅឡើយទេ។
លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានបញ្ជាក់ដែរថា ផ្លូវកៅស៊ូម្រាមទាក ត្រពាំងឫស្សីនេះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ពីចំណុចភូមិម្រាមទាក ដល់ភូមិត្រពាំងឫស្សី មានប្រវែងជិត២៦គីឡូម៉ែត្រ ក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកកសាង កម្លាំងជំនាញបានចុះមកសិក្សាជាច្រើនដងហើយ ហើយមន្ទីរបានចុះសិក្សារួចរាល់ ថែមទាំងបានធ្វើសំណើទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើ្បម្បីសុំថវិកាមកជួសជុល បច្ចុប្បន្នរង់ចាំតែក្រសួងទម្លាក់ថវិកានឹងធ្វើជូនប្រជាពលរដ្ឋហើយ ៕
អត្ថបទ៖ អាចារ្យលាក់

