បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃពុធ ទី១៣ ខែសីហា នេះថា នឹងកាត់ក្តីក្នុងខែសីហានេះ លើសំណុំរឿងមួយដែលអាចដកតំណែងនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ជុំវិញការដោះស្រាយជម្លោះការទូតជាមួយប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្រុមសមាជិកព្រឹទ្ធសភាអភិរក្សនិយមមួយក្រុម បានដាក់សំណុំរឿងចោទប្រកាន់លោកស្រី Paetongtarn ពីបទប្រព្រឹត្តិទង្វើគ្មានវិជ្ជាជីវៈ និងបំពានក្រមសីលធម៌ធ្ងន់ធ្ងរ អំឡុងពេលមានជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ទៅតុលាការធម្មនុញ្ញថៃ។

ពួកគេបានអះអាងថា ការប្រព្រឹត្តរបស់លោកស្រីបានបំពានរដ្ឋធម្មនុញ្ញ និងបំពានលើបទដ្ឋានសីលធម៌តាមមាត្រា១៧០ ដោយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តុលាការបានបោះឆ្នោតសំឡេងគាំទ្រ ៩ទល់នឹង០ ដើម្បីទទួលយកញត្តិ។ នៅថ្ងៃដដែល ចៅក្រមបានបោះឆ្នោត សំឡេងគាំទ្រ៧ទល់នឹង២ ដើម្បីព្យួរតំណែងលោកស្រីជានាយករដ្ឋមន្ត្រី ដោយរង់ចាំសាលក្រមចុងក្រោយ។

ចាប់តាំងពីពេលនោះមក លោកស្រី Paetongtarn បានបន្ដកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌វិញ ពោលគឺ ត្រូវព្យួរតំណែងជានាយករដ្ឋមន្រ្តីសិន ដោយឱ្យលោក ភូមិថាំ វិឆាយ៉ាឆៃ គ្រប់គ្រងរដ្ឋាភិបាលជំនួសជានាយករដ្ឋមន្រ្តីស្ដីទីថៃ។

យ៉ាងណាម៉ិញ តុលាការធម្មនុញ្ញបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា នឹងប្រកាសសាលក្រមក្នុងសំណុំរឿងនេះនៅម៉ោង ៣នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ប្រសិនបើតុលាការចេញសាលក្រមប្រឆាំងនឹង ផែថងថាន មែននោះ បានន័យថា នាងនឹងក្លាយជាសមាជិកគ្រួសារស៊ីណាវ៉ាត់ទី៣ ដែលត្រូវបានបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្រ្តីមុនអាណត្តិ បន្ទាប់ពីឪពុក និងម្ដាយមីង យីងឡាក់ ដែលអ្នកទាំង២ ត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារយោធា។

សូមជម្រាបថា នយោបាយថៃ បានប្រទាញប្រទង់ និងប្រយុទ្ធគ្នាអស់រយៈពេល ២ទសវត្សរ៍មកហើយ រវាងក្រុមអភិរក្សនិយម, ក្រុមគាំទ្រយោធា និងក្រុមគាំទ្ររាជវង្ស ជាមួយនឹងបក្ខពួកត្រកូលស៊ីណាវ៉ាត់ ដែលពួកគេចាត់ទុកថាជា ក្រុមដែលគំរាមកំហែងដល់របៀបរៀបរយសង្គមប្រពៃណីរបស់ប្រទេសថៃ៕

