ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា តុលាការយុត្តិធម៌អន្តរជាតិ នៅតែជាវេទិកាដែលអាចជឿជាក់បានបំផុត សម្រាប់ដំណោះស្រាយជាស្ថាពររវាងជម្លោះព្រំដែនកម្ពុជា និងថៃ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃទទួលយកនូវការដោះស្រាយរបស់តុលាការអន្តរជាតិនេះផងដែរ។
ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសយ៉ាងដូច្នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។
ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបញ្ជាក់ថា កម្ពុជាសូមអំពាវនាវយ៉ាងទទូចសូមឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឡើងឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំនិងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ។
លោក ជុំ សុន្ទរី បានបន្ថែមថា តុលាការយុត្តិធម៌អន្តរជាតិ នៅតែជាវេទិកាដែលអាចជឿជាក់បានបំផុត សម្រាប់ដំណោះស្រាយជាស្ថាពររវាងជម្លោះព្រំដែនកម្ពុជា និងថៃ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃទទួលយកនូវការដោះស្រាយរបស់តុលាការអន្តរជាតិនេះផងដែរ៕



