គិតចាប់តាំងពីមានភាពតានតឹងជាមួយនឹងប្រទេសកម្ពុជា មានទាហានថៃបន្តដើរជាន់មីន មិនក្រោម៥ករណីនោះឡើយ ដោយករណីចុងក្រោយនេះគឺមានទាហានថៃម្នាក់ជាន់គ្រាប់មីនបណ្ដាលឱ្យដាច់ជើងអំឡុងពេលដើរល្បាតនៅក្បែរប្រាសាទតាមាន់ធំ ហើយបើសិនថៃនៅតែបន្តឈ្លានពានចូលទឹកដីកម្ពុជា និងបន្តធ្វើទុកបុកម្នេញរាយបន្លាលួស មកលើទឹកដីខ្មែរ ច្បាស់ជានឹងកើតមានករណីជាន់មីននេះជាបន្តទៀត ព្រោះគ្រាប់មីនចាស់ៗនៅលើទឹកដីកម្ពុជា នៅជាយដែនមិនទាន់ត្រូវបានដោះអស់នៅឡើយ។

យ៉ាងណាមិញ បើងាកទៅស្ដាប់សំឡេងពីប្រជាពលរដ្ឋថៃ ដែលជាអ្នករស់នៅជាយដែនជាប់នឹងប្រទេសកម្ពុជា ពួកគេហាក់មានអារម្មណ៍ភិតភ័យ និងតក់ស្លុតជាខ្លាំង ដែលកងទ័ពខ្លួនមិនព្រមបង្អង់ដៃនិងរកដំណោះស្រាយគ្នាដោយសន្តិវិធីជាមួយនឹងកម្ពុជា។ ប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់តែមិនហ៊ានមាត់ដោយសារខ្លាចអំណាចយោធា បានចាប់ផ្ដើមចេញមករិះគន់ចំពោះមេទានថៃ ជាបណ្ដើរៗ ដោយសារតែអស់ការអត់ទ្រាំ។
ក្នុងនោះមានពលរដ្ឋថៃ បានរិះគន់មេទ័ពថៃថា មិនគួរណាយកជីវិតរបស់សមាជិកគ្រួសារពួកគេដែលជាកូនទាហានមិនដឹងអីមកលេងសើចធ្វើជាចំណីមីន ដោយមិនបានគិតគូររកវិធីដោះស្រាយឱ្យប្រទេសមានសុខសុវត្ថិភាពសន្តិភាពឡើងទេ ហើយបែរជាប្រឹងបញ្ឆេះភ្លើងសង្គ្រាមឱ្យមានអណ្ដាតឆាបឆេះឡើងវិញ។
យោងតាមវីដេអូរបស់ស្ត្រីជាពលរដ្ឋថៃដែលរស់នៅក្នុងខេត្តសុរិន្ទម្នាក់មានសាច់ញាតិជាពលទាហានថៃដែលនោះ បានចេញមកស្រែកយំអណ្ដឺតអណ្ដក និងរៀបរាប់ពីភាពឈឺចាប់របស់ខ្លួនដែលត្រូវមករស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃដោយសារតែភាពល្មោភអំណាចរបស់មេហានថៃធំសព្វថ្ងៃ។
ស្ត្រីរូបនេះបានរៀបរាប់ថា ៖ «ជម្រាបសួរពីនាងខ្ញុំជាពលរដ្ឋរស់នៅជាប់ជាយដែន បានទទួលព័ត៌មាននៅថ្ងៃមុនវេលាម៉ោង ៩ និង២៥ នាទី មានបងប្រុសទាហានម្នាក់បានជាន់មីននៅក្បែរប្រាសាទតាមាន់ធំ។ ខ្ញុំចង់សួរថា តើនឹងត្រូវខាតបង់ចំនួនជើងចំពោះបញ្ហានេះអស់ប៉ុន្មាននាក់ទៀត ហើយចុះលោកធ្លាប់គិតដល់ឪពុកម្ដាយបងប្អូននិងគ្រួសាររបស់កូនទាហានទេ តើពួកគាត់នឹងត្រូវរស់នៅយ៉ាងម៉េច? បើមិនដាច់ជើងទេ ក៏បាត់បង់ជីវិត។ ហេតុអ្វី? តើត្រូវមានវិធីណា? ធ្វើយ៉ាងម៉េចកុំឱ្យមានបញ្ហាបែបនេះ? ខ្ញុំអាណិតពួកគាត់ ខ្ញុំអាណិតបងប្រុសទាហាននោះ ខ្ញុំអាណិតកងទ័ពជួរមុខ ខ្ញុំពិតជាអាណិតពួកគាត់ណាស់ ខ្ញុំមិនដែលថតវីដេអូអ្វីនិយាយពីរឿងព្រំដែនសោះឡើយ ប៉ុន្តែមកទល់ពេលនេះវាច្រើនដងពេកហើយ ខ្ញុំចង់ឱ្យអស់លោកឆ្លុះបញ្ចាំងឱ្យឃើញថា តើមានដំណោះស្រាយបែបម៉េច គួរធ្វើបែបណាឱ្យពិតប្រាកដ? »។ សម្ដីរៀបរាប់ស្ត្រីរូបនេះបានសបញ្ជាក់អំពីភាពឈឺចាប់របស់ពលរដ្ឋថៃដែលកំពុងរងទុក្ខវេទនាព្រោះតែមានអ្នកដឹកនាំល្មោភអំណាចមិនខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋទន់ខ្សោយ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ មេទ័ពភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង ធ្លាប់បោះសម្ដីដាក់កូនទាហានខ្លួនថា ប្រសិនបើលោកយកឈ្នះបេះដូងរបស់កូនទាហានក្រោមបង្គាប់ នោះពួកគេនឹងហ៊ានលះបង់គ្រប់យ៉ាង។ សម្ដីនេះបានបញ្ជាក់ឱ្យដឹងថា មេទ័ពរបស់ថៃមិនបានខ្វល់ខ្វាយពីសុខទុក្ខ ឬអាយុវីជិតរបស់កូនទាហានពួកគេទេ ប៉ុន្តែដើម្បីឱ្យខ្លួនបានឈ្នះឡើងតំណែង ឬទទួលបានពាក្យបញ្ចើចបញ្ចើថាអង់អាចដណ្ដើមទឹកដីបាន ទោះលះបង់ជីវិតកូនទាហានស្លួតត្រង់ប៉ុន្មានក៏មិនស្ដាយនោះដែរ។

គិតមកទល់ពេលនេះ ការផ្ទុះគ្រាប់មីនដែលកប់ថ្មីៗបានបណ្តាលឱ្យទាហានថៃរងរបួសសរុប១២នាក់ នៅក្នុងនោះ៤នាក់បានដាច់ជើង។ ភាគីកម្ពុជាក៏បានបង្ហាញក្តីបារម្ភចំពោះករណីដដែលនេះថាអាចជាឧបាយកលសឹករបស់យោធាថៃដែលប៉ងធ្វើសង្គ្រាមឈ្លានពានជាថ្មីដើម្បីលេបត្របាក់យកទឹកដីកម្ពុជា។
បញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ នេះនឹងតែអូសបន្លាយពេលហើយឈានទៅរកភាពរ៉ាំរ៉ៃ ប្រៀបដូចអំបោះរុំជំពាក់មុខ ប្រសិនបើថៃនៅតែចចេសរឹងទទឹង មិនព្រមចូលខ្លួនដោះស្រាយជាមួយកម្ពុជាឱ្យបានដឹងសដឹងខ្មៅ នៅក្នុងតុលាការអន្តរជាតិ ICJ ទេនោះ៕

