ជឿថានៅក្នុងសមរភូមិជម្លោះកម្ពុជា-ថៃនាពេលថ្មីៗនេះ ប្រិយមិត្តគ្រប់គ្នាបានស្គាល់ និងលឺឈ្មោះរបស់មេទ័ពភូមិភាគ២ថៃ គឺនាយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង ដែលជាមេបញ្ជាការល្មោភសង្គ្រាមចង់វាយដណ្ដើមទឹកដី និងប្រាសាទរបស់កម្ពុជា។ ប៉ុន្តែក្រៅពីមេទ័ពរូបនេះហើយនោះ សារព័ត៌ត្រយងនឹងបង្ហាញមុខសុភាពបុរសក្លែងក្លាយ ឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន ដែលជាមេបញ្ជាការងភូមិភាគ២ ដែលមានរឿងជាច្រើនយើងតែគួរដឹងពីល្បិចធ្វើពុតជាញញឹមបន្លំចាប់ដៃកម្ពុជា ប៉ុន្តែចិញ្ចឹមចិត្តលេបត្របាក់ទឹកដីខ្មែរឱ្យទាល់តែបាន។ តើឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន ជាអ្នកណា?

ថ្មីៗនេះ មាន​លេចចេញនូវដំណឹងចចាមអារ៉ាមមួយ​ដែល​ថា​លោក ណ័ត ស្រ៊ីអ៊ីន គឺជាកូន​អ្នក​ខេត្តបាត់ដំបង ដែល​បាន​ទៅធ្វើ​ការ​នៅប្រទេសថៃ ហើយ​ទទួល​បាន​ឱកាសរៀនសូត្រ​និង​បាន​ចូលធ្វើជាយោធា រហូតទទួល​បាន​ឋាននន្តរសក្ដិធំ យ៉ាងណាមិញ​នោះ​វា​គ្រាន់​តែ​ជាដំណឹង​ឮតៗគ្នា មិនមាន​ប្រភពច្បាស់ទាល់តែសោះ​ ដូច្នេះត្រយង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ហើយ​បាន​រក​ឃើញ​សាវតាពិត របស់​បុរសយោធា ​ដែល​ប្រើ​ល្បិច​ចាក់ពីក្រោយ​ខ្នងកម្ពុជា មក​លា​តត្រដាង​ជូន​ជាដំណឹង។

ឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន ធ្លាប់ឆ្លងកាត់ជាសិស្សត្រៀមយោធាជំនាន់ទី ២៧ នៃសាលានាយទាហានប្រាក់​ជុល​ចមក្លៅជំនាន់ទី ៣៨ ។ លោកជាកូនកសិករដែលរស់នៅក្នុងខេត្ត សុរិន្ទ មានសមត្ថភាពអាចនិយាយ និងប្រើប្រាស់ភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ។ ចាប់តាំងពីបានចូលប្រើរាជការក្នុងជួរកងទ័ពមក លោកផ្ដើមពីតំណែងនាយទាហានរហូតក្លាយជាឧត្តមសេនីយ៍ត្រី ប្រចាំទិសភូមិភាគឥសានដែលមានព្រំប្រទល់ជាប់ខេត្តព្រះវិហារ។

ងាកមកចាប់អារម្មណ៍បន្តិច ក្នុងជួរទ័ព ឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន អតីតមេបញ្ជាការកងទ័ពល្បាតប៉ាក់ធុងឆៃ អតីតមេបញ្ជាការកងពលធំទី៦ និងអតីតមេបញ្ជាការកងកម្លាំងសុរ៉ាក់ណារី លោកគ្រប់គ្រងកងកម្លាំងទាំងមេបញ្ជាការអនុរក្ស ទាហានឈុតខ្មៅ និងទាហានឈុតឆ្នូត រហូតក្លាយជាអគ្គមេបញ្ជការកងទ័ពជើងគោកថែរក្សាការពារសន្តិសុខតាមព្រំដែនថៃ-កម្ពុជា និង​ថៃ-ឡាវ បើស្ដាប់មិនខុសទេនោះគឺតំបន់មុំ៣។

នៅក្នុងសមរភូមិសង្គ្រាមឆ្នាំ ២០០៨ ដល់ ២០១១ លោកធ្លាប់ជាមេទ័ពចម្បាំងដែលឈ្លានពានកម្ពុជាជាច្រើនលើកច្រើនសារដើម្បីដណ្ដើមទឹកដីតំបន់ប្រាសាទព្រះវិហារ។ កេរ្ដិ៍ឈ្មោះរបស់លោកត្រូវបានប្រជាជនថៃយល់ឃើញថា ទាហានខ្មែរភ័យខ្លាច និងភ័យបាក់ស្បាតបំផុត រហូតមានរហ័សនាមថា ជាមេទ័ពចម្បាំងអង់អាច និងជាអ្នកអភិវឌ្ឍន៍ដ៏ខ្លាំងម្នាក់។

ក្រៅពីនោះលោកធ្លាប់ចូលរួមសហប្រតិបត្តិការសម្របសម្រួលលើការចរចាបទឈប់បាញ់ក្នុងអំឡុងឆ្នាំ ២០១១ និងដកកម្លាំងទាហានចេញពីតំបន់ប្រាសាទព្រះវិហារ បន្ទាប់ តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ ប្រគល់ប្រាសាទព្រះវិហារ និងចេញជុំវិញ​ប្រាសាទ​ដែល​ថៃ​អះអាងថាជារបស់​ខ្លួន​ទាំងអស់ឱ្យមកកម្ពុជា ហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ចេញ ដោយគ្មានលក្ខខណ្ឌ នៅអំឡុងឆ្នាំ ២០១៣។

១២ ឆ្នាំបានកន្លងទៅដោយសុខសន្តិភាព និងមុនពេលមានជម្លោះជាមួយកម្ពុជានាពេលថ្មីៗនេះ មានរូបភាពជាច្រើនណាស់ដែលបានបង្ហោះពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាសារព័ត៌មានរបស់ថៃ ដែលបញ្ជាក់ថា ឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន មេបញ្ជាការងភូមិភាគ២ថៃមានទំនាក់ទំនងស្និតរមួតជាមួយឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយមានសកម្មភាពកិច្ចការងារសហប្រតិបត្តិការល្អនឹងគ្នាជាច្រើន រហូតដល់ប្រជាជនថៃទុកចិត្តថាមានតែឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន តែម្នាក់ប៉ុណ្ណោះទើបអាចបើកកិច្ចចរចាជាមួយទាហានរបស់កម្ពុជាបានបើចង់ឱ្យពួកគេដកកម្លាំងចេញរយៈចម្ងាយ ២០០ ម៉ែត្រ។

តើក្នុងជម្លោះជាមួយកម្ពុជាប្រហែល ៣ខែកន្លះ ភាគីថៃបានប្រើឧបាយកលនិងកលល្បិច អ្វីខ្លះ ដើម្បីសម្រេចគោលដៅចង់លេបត្របាក់ទឹកដីរបស់កម្ពុជាឱ្យទាល់តែបាន?

ពិតណាស់! នៅពីក្រោយស្នាមញញឹមរបស់សុភាពបុរសក្លែងក្លាយដែលបន្លំចាប់ដៃកម្ពុជារូបនេះ មានរឿងជាច្រើនណាស់ដែលយើងកត់ស្គាល់ឃើញថា ជនជាតិសៀមសុរិន្ទរូបនេះមានល្បិចកលព្រៃផ្សៃមកលើកម្ពុជាដោយ​ចេតនា​ និង​មាន​គម្រោងទុកជា​មុន ៖

១.ភាគីថៃបង្កហេតុ និងបង្កើតជម្លោះមកលើកម្ពុជាមុន ដែលដើមចមនៃបញ្ហាជម្លោះព្រំដែនឆ្នាំ ២០២៥ នេះផ្ដើមចេញតំបន់មុំ ៣ ពីករណីទាហានថៃបានបាញ់សម្លាប់យោធាកម្ពុជានៅថ្ងៃទី២៨ ឧសភា ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ ប៉ុន្តែភាគីថៃចោទប្រកាន់មកលើទាហានកម្ពុជាថា បានលបឆ្លងចូលទឹកដីថៃខុសច្បាប់ទៅវិញ។ ចុងបូក ឬមុំ​បី​ជា​តំបន់​ច្រមុះ​ព្រំប្រទល់​នៃ​ប្រទេស៣មាន ​កម្ពុជា ថៃ និង​ឡាវ មាន​ទីតាំង​ស្ថិត​នៅ​លើ​ដងភ្នំ​រែក មាន​ខេត្តព្រះវិហារ​(​កម្ពុជា​) ខេត្ត​អ៊ូ​ប៊ុ​ន​(​ថៃ​) និង​ខេត្ត​ចំប៉ា​សាក់ (​ឡាវ​)។ ច្រកព្រំដែនប្រវត្តិសាស្ត្រនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធរយៈពេលខ្លីមួយរវាងកងទ័ពថៃ និងកម្ពុជា។

២.នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពថៃ បានបើកការវាយប្រហារយ៉ាងសន្ធាប់មកលើទឹកដីកម្ពុជា តាំងពីព្រឹករំលងអធ្រាត្រម៉ោង ៣:២០ មកម្លេះដោយបានវាយលុកចំនួន៧ទីតាំង។ ក្នុងនោះមានតំបន់ភ្នំទ្រព្យ តាថាវ ភ្នំខ្មោច អូរផ្កាស្នេហ៍ មុំ៣  តាមាន់ធំ និងតំបន់តាក្របី។ ការវាយប្រហារ៣លើកនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ នៅចន្លោះម៉ោង១២:៣០នាទី-១២:៤០នាទី ខណៈ១លើកទៀត ថៃបានទម្លាក់គ្រាប់បែកដោយ F-16  នៅតំបន់ប្រាសាទតាក្របី។ ក្នុងទម្រង់នៃការវាយលុកមកកាន់ទឹកដីកម្ពុជា គឺភាគីថៃ បានប្រើប្រាស់កាំភ្លើងធំផ្លោង ការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16  ការប្រើរថក្រោះបាញ់សង្គ្រុប ការប្រើដ្រូនទម្លាក់គ្រាប់ ជាងនេះទៅទៀត គឺការប្រើប្រាស់គ្រាប់បែកចង្កោម ដែលខុសនឹង​ច្បាប់អន្តរជាតិ ព្រោះ​​ជា​អាវុធសាហាវ និងបង្កគ្រោះថ្នាក់រយៈពេលវែង។

 ៣.អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា វេលាម៉ោង៣៖១៧ល្ងាចថ្ងៃទី២៧ កក្កដា យោធាថៃ បានបើកយន្តហោះបាញ់ផ្សែងពុលនៅអានសេះ, ម៉ោង៤៖១២នាទី សភាពការណ៍នៅ​ជប់គគីរ ថ្មដូន ថៃបានបាញ់ផ្លោងចូលដែនដីកម្ពុជាបន្ថែមទៀត ខណៈតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថៃ​បានផ្លោងចូលដូចភ្លៀង​រលឹម។ ​នៅទិសទី១ តំបន់៥មករា ភ្នំខ្មោច​ អានសេះ កងទ័ពថៃ វាយប្រហារកាន់តែខ្លាំងក្លាឡើង។ យោធាថៃ បានប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងទីតាំងមួយចំនួនទៀត ក្នុងដែនដីកម្ពុជា ពីម៉ោង១៖១០នាទីដល់ម៉ោ​ង​៤៖០០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៥។ ត្រង់​នេះ​គឺបាន​សបង្ហាញឱ្យឃើញហើយថា តំបន់​ប្រតិបត្តិការដែល​ធ្លាប់​តែ​មាន​ភាព​ល្អូកល្អឺនដែល​លោក ណ័ត ស៊្រីអ៊ីន សម្ដែង គឺគ្រាន់តែ​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ស្លាប់​ចិត្ត និង​ភ្លេចខ្លួនប៉ុណ្ណោះ​។

៤.នៅអំឡុងរំលងអាធាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ជាថ្ងៃដែលបទឈប់បាញ់បានចូលជាធរមាន តំបន់ដែលកាន់កាប់ដោយមេបញ្ជាការភូមិភាគ២ ប៊ុនស៊ីន ផាតក្លាង មានសភាពស្ងប់ស្ងាត់ ប៉ុន្តែស្រាប់តែលេចចេញនូវកលល្បិចរបស់ខាងភូមិភាគដែលកាន់កាប់ដោយឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន ទៅវិញ។ ទាហានកម្ពុជា ជិត២០នាក់ ត្រូវបានចាប់ខ្លួន ដោយទាហានថៃ ដែលបានប្រើកលល្បិចបញ្ឆោតឱ្យក្រុមទាហានខ្មែរថតរូបជាមួយពួកគេ រួចយកកាំភ្លើងភ្ជង់ចាប់ខ្លួនយកទៅទឹកដីថៃ​ នៅច្រកព្រំដែនជាំតែ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទង្វើ​របស់ទាហានថៃ គឺជា​ល្បិចកលកំសាកញី ព្រោះ​​ សកម្មភាពរបស់កងទ័ពថៃ គឺលួចចាក់គេពីក្រោយខ្នង មិន​សមជា​កូន​ប្រុសទ្រូង៥ហត្ថដែលជា​សសរទ្រូងរបស់ជាតិទាល់តែសោះ។

ថៃបន្តប្រើ​រុករានចូលអធិបតេយ្យភាពកម្ពុជាទាំងងងើល ព្រោះបន្ទាប់ពីថ្ងៃដែលអនុព័ន្ធយោធាជាច្រើនប្រទេសទៅអង្កេតការណ៍នៅតំបន់ច្រកអានសេះ ពោលនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ តំបន់អានសេះ ដែលរងការខូចខាតដោយ​សារ​សព្វាវុធរបស់​កងទ័ពថៃ ត្រូវបានក្រុម​យោធាថៃ រុលចូលមករាយបន្លាលួស និងប្រើគ្រឿងចក្រធន់ធំ ដាក់​លូ កាយលេណដ្ឋាន ដោយប្រកាសថាជាដែនអធិបតេយ្យភាពរបស់ថៃទៅវិញ ខណៈកងទ័ពកម្ពុជា បាន​ព្យាយាមទប់ស្កាត់ពួកគេអស់ពីកម្លាំងកាយ និងប្រឹងទប់​មិន​ឱ្យ​មាន​ការ​ផ្ទុះអាវុធម្ដងទៀត ដែល​ល្មើសនឹង​បទឈប់​បាញ់។  

៥. ភាគីថៃឈ្លានពានកម្ពុជាបណ្ដើរ ស្រែកប្រាប់ពិភពលោកថាខ្លួនជាជនរងគ្រោះ​បណ្ដើរ។ ថ្មីៗ​នេះ ​ថៃ​ក៏បាន​ប្រកាសជាព័ត៌មាន​ក្ដែងៗថា មាន​កងទ័ពថៃដើរជាន់មីន ចំនួន​៣​នាក់ ដោយ​មាន​ម្នាក់​បាន​ដាច់ជើងទាំងសងខាង។ សាច់រឿង​ដដែល​នេះ ដូច​កម្ពុជាបាន​ឆ្លើយតបជារឿយៗហើយថា បើសិនថៃដើរជាន់មីន​ក្នុង​ដីថៃ នោះ​គឺជា​មីន​របស់​ថៃ តែបើថៃល្មើសរុលចូល​ដីកម្ពុជាហើយជាន់មីន គឺជាមីនចាស់ដែល​សល់ពីសម័យសង្គ្រាម។

និយាយមក​ដល់​នេះ​តើ​មាន​ចំណុចត្រង់​ណាដែល​ថៃ​គឺជា​ជនរងគ្រោះ​ ព្រោះ​សព្វថ្ងៃ​ថៃ​ មិន​បាន​គោរពបទឈប់បាញ់ ហើយនៅតែបន្តសកម្មភាពរុករុលចូលទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស ឈូសឆាយផ្លូវចូលក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំង ប្រើជំពាមកៅស៊ូជំនួសដោយកាំភ្លើងបាញ់មកលើកងទ័ពកម្ពុជា ថែមទាំង​បែកធ្លាយ ​ពួកគេ​បាន​បង្កើតភស្តុតាងយកឯកសណ្ឋាន​ទាហាន​កម្ពុជា​ទៅពាក់​ ហើយថត​សកម្មភាពកំពុងធ្វើ​ជំពាមឈើ ដើម្បីចោទមក​លើ​កម្ពុជា។ ខណៈដែល​ទាហាន​កម្ពុជាស្ដាប់តាមបទបញ្ជាពី មេបញ្ជាការយ៉ាងម៉ឺងម៉ាត់ គោរពនិងអនុវត្តន៍​បទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន ត្រូវខាំមាត់​សង្កត់​ចិត្ត មិន​តបត នឹងសកម្មភាព​ញុះញង់​របស់​ទ័ពឈ្លាន។

ប៉ុន្មានចំណុចនេះគ្រាន់តែជាការកត់សម្គាល់ខ្លះៗពីសកម្មភាពរបស់ភាគីថៃដែលបំពានមកលើកម្ពុជា ជាពិសេសតំបន់ទិសដែលកាន់កាប់ដោយឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន។ តើទាំងអស់នេះមិនមែនជាចេតនាគិតទុកជាមុនទេ? បើមើលការចេញផ្សាយដោយកាសែត Thairath បានលើកបទសម្ភាសន៍របស់ឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន មុនពេលមានបញ្ហាជាមួយកម្ពុជាថា ៖  «និយាយគ្នាបែបកូនប្រុស… មិនខាតសាច់ខាតឈាម មិនខូចទំនាក់ទំនង មិនខូចខាតសេដ្ឋកិច្ច» ពាក្យខ្លីនេះបានជំរុញឱ្យពលរដ្ឋខ្មែរយល់ខុសថា មេទ័ពដែលខ្មែរយើងងាយស្រួលនិយាយជាមួយជាងគេបំផុតគឺជារូបលោកនេះឯង ព្រោះជំហររបស់លោកត្រូវនឹងជំហររបស់រដ្ឋាភិបាលកម្ពុជា។

ផ្ទុយស្រឡះទៅវិញ បន្ទាប់ផ្ទុះអាវុធអស់ ៥ ថ្ងៃ មេទ័ពរងរូបនេះបោះសម្ដីថា ៖ « រាល់ពេលកន្លងមកនៃការវាយប្រហារកម្ពុជា ពួកគេគឺកាន់តែរឹងមាំឡើងៗ យើងបានបើកការវាយប្រហារតាមអាកាសជាច្រើនដង ប៉ុន្តែពួកគេនៅតែទប់បានដដែល ចង់ចល័តកម្លាំងដើម្បីសន្ធប់ពួកគេគឺមិនងាយស្រួលនោះទេ» ដែលសម្ដីនេះបានបង្ហាញពីការរៀបគម្រោងគិតទុកមុនចំពោះការវាយប្រហារមកលើកម្ពុជាជាច្រើនលើកច្រើនសាររបស់កងទ័ពថៃ។

អាវុធដែលផ្ទុះឡើងរវាងកម្ពុជា និងថៃលើកនេះ ភាគីកម្ពុជាជាអ្នករងគ្រោះខ្លាំង ដោយយោធាថៃបានតម្រង់​ទិស​មក តំបន់ប្រជាជនស្លូតត្រង់ វត្តអារាម ទីទួលប្រាសាទ ដែលខុសពីគោលដៅបន្ទាយយោធា និងទីបញ្ជាការយោធា ដែល​ថៃ​តែងតែបាន​អះអាងកុហក​ប្រជាជន​ខ្លួន និង​បោកប្រាស់អន្តរជាតិ។

បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាម ភាគីថៃទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន១.៥៤៩គ្រាប់ ក្នុងនោះគ្រាប់បែក MK-84 មានទម្ងន់ជិតមួយតោន​មានបណ្តោយប្រមាណ៣.៥ម៉ែត្រ​ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ​ផលិតនៅឆ្នាំ១៩៩៦។ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ ១១៥មម​ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចំនួន ៥៦។ យ៉ាងណាមិញ អាជ្ញាធរព្រះវិហារបានបញ្ជាក់របាយការណ៍ដំបូងថា មានគ្រាប់ផ្លោងធុនធ្ងន់ចំនួន ៤៧គ្រាប់ដែលថៃបាញ់មកលើសម្បត្តិបេតិកភណ្ឌពិភពលោក គឺប្រាង្គប្រាសាទព្រះវិហារបង្ករការខូចខាតចំនួន១២៥កន្លែង ខូចខាតធ្ងន់ធ្ងរគោបុរ:ទី១និងទី២។

ជារួមមកវិញ ឧត្តមសេនីយ៍ត្រី ណ័ត ស៊្រីអ៊ិន ដែលធ្លាប់មានឈាមជាកូនអ្នកស្រែចម្ការរស់នៅក្នុងស្រុកសុរិន្ទអាចនិយាយភាសាខ្មែរបានរូបនេះ គឺមិនខុសអីពីជនជាតិថៃដទៃទៀតដែលចិញ្ជិមចិត្តចង់បានទឹកដី និងប្រាសាទរបស់ខ្មែរនោះទេ។ បុរសដែល​គេធ្លាប់​គិតថាជាប់សាច់ឈាមខ្មែរ អាចស្ដាប់​យល់ពីសម្ដីរបស់ខ្មែរ ប្រហែលជាមិន​ពិបាកនិយាយគ្នារូបនេះ ក៏មិនខុសពីទាហានសៀមដទៃទៀតដែរ ព្រោះ​រូប​គេ​បានសិក្សារៀនសូត្រ និងដុសខាត់លាងខួរក្បាលដោយយោធាថៃ ម្លោះហើយគ្មានអ្វីដែលធ្វើឱ្យរូបលោកត្រូវស្ទាក់ស្ទើចំពោះការវាយប្រហារមកលើកម្ពុជាដោយប្រើសព្វាវុធសង្គ្រាម ឬសព្វាវុធធ្ងន់ៗនោះទេ ត្បិតថារូបលោកមានអំនួត និង​ មិនចង់ឱ្យខូចឈ្មោះដែល​ត្រូវ​បាន​គេ​ហៅថាមេទ័ពដែលទាហានខ្មែរភ័យបាក់ស្បាត ទាំងដែល​ការ​ពិត​អ្នកដែលភ័យបាក់ស្បាត គឺក្រុមទាហានរបស់​លោកខ្លួនឯង មិនអ៊ីចឹងមិនមែន កំសាកញីហ៊ាន​ប្រើល្បិច​ចាប់ដៃ ដើម្បីចាប់ទាហានខ្មែរ ដោយ​មិន​ខ្មាសអន្តរជាតិដូច្នេះទេ៕

Share.