ភ្នំពេញ ៖ បន្ទាប់ពីមានការរំលោភបំពាន ពីសំណាក់យោធាថៃ ដែលបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់ កង់ឡាន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ 46-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួចមក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៥ សូមធ្វើការប្រឆាំង តវ៉ា ដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដូចខាងក្រោម ៖
១ / នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ កម្លាំងយោធាថៃ បានរាយបន្លាលួស សំណាញ់ រនាំង និងដាក់ កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 46-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
២ / នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួសសំណាញ់ រនាំង និង ដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ស្ថិតក្នុងភូមិសាស្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៣ / នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានប៉ុនប៉ងធ្វើសកម្មភាពរាយ បន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅបរិវេណច្រកទ្វារព្រំដែនបឹងត្រកួន នៅកំណាត់ខ្សែព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានឬទ្ធិ និងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយឃើញមានវត្តមានប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជា ព្រមទាំង អនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅតំបន់នេះ យោធាថៃក៏សម្រេចបញ្ឈប់សកម្មភាព និង ដកថយត្រឡប់ទៅវិញ ។

សកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនខាងលើនេះ គឺជាសកម្មភាពរំលោភលើស្មារតី MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) ព្រមទាំងបំផ្លាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការ នៃការចរចារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ។
ជាថ្មីម្តងទៀត គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សូមធ្វើការតវ៉ាប្រឆាំង ដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ និងទាមទារឱ្យរុះរើជាបន្ទាន់នូវបន្លាលួស សំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបបែនេះតទៅទៀត នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ៕


អត្ថបទ៖តាតុងសែនជ័យ
