លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា បានលើកឡើងពីការលះបង់របស់កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា វឿន វាសនា និងបោះបង់ប្រាក់ខែនៅក្លិប Win Streak រយ:ពេល ៣ខែ ខ្ទង់៣ម៉ឺនដុល្លារឯណោះ ដើម្បីចូលរួមជួយជាតិមាតុភូមិត្រៀមស៊ីហ្គេមចុងឆ្នាំ ២០២៥។
ប្រសាសន៍របស់លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា ក្នុងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយផែនការនៃការប្រកួតកីឡាបាល់ទះ សម្រាប់ឆ្នាំ២០២៦ ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា៖
ចំពោះកីឡាករ វឿន វាសនា រូបគេនឹងមកចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាអំឡុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីត្រៀមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅចុងឆ្នាំនេះ។
លោក អាំង សិរីពិសិដ្ឋ បង្ហើបប្រាប់ទៀតថា នេះជាការលះបង់មួយសម្រាប់ប្រទេសជាតិដោយសុទ្ធតែចិត្តបើទោះជា៣ខែដែលនឹងមកហ្វឹកហាត់ត្រូវខាតបង់ប្រាក់ខែខ្ទង់៣ម៉ឺនដុល្លារពីក្លឹប Win Streak នៅតៃវ៉ាន់ដែលខ្លួនកំពុងប្រកបអាជីពនៅទីនោះក៏ដោយ។

ក្នុងការទៅប្រកបអាជីពបាល់ទះនៅតៃវ៉ាន់ វឿ វាសនា បានជួយឱ្យក្រុម Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League ចំនួន ២ឆ្នាំជាប់គ្នា កាលពីរដូវកាល ឆ្នាំ២០២៣-២៤ និងនៅរដូវកាលឆ្នាំ២០២៤-២៥។
គួរបញ្ជាក់ ថាក្រុមបាល់ទះ Taichung Win Streak បានខ្ចីជើងកីឡាករ វឿន វាសនា ពីក្លិបបាល់ទះវិសាខា កាលពីឆ្នាំ២០២៣ ជាមួយកិច្ចសន្យារយ:ពេល ២ឆ្នាំ បូកជាមួយថ្លៃនឿយហត់ ថ្លៃធ្វើដំណើរ ស្នាក់នៅ ហូបចុក និងអត្ថប្រយោជន៍ផ្សេងទៀតប្រមាណខ្ទង់ម៉ឺនដុល្លារអាមេរិក៕


