ភ្នំពេញ ៖ សិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ក្លែងបន្លំ ម៉ាក ឆេ ហ្វ ៥៥ មួយកន្លែងត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប រឹបអូសវត្ថុតាងបានជាង៣០តោន កាលពីព្រឹក១១ ខែសីហា ឆ្នាំ២០២៥ នៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាំខ្លួនម្ចាស់ទីតាំងទៅតុលាកា រហូតមកដល់រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ម្ចាស់ទីតាំងត្រូវបានតុលាកាក្រុងភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោម បទ ចោទ ក្លែងបន្លំ លើ ផលិតផល ទំនិញ និង សេវា ។




ម្ចាស់ សិប្បកម្ម មានឈ្មោះ អ៊ី វ សា រិ ន ភេទ ប្រុស អាយុ ៤៦ឆ្នាំ មាន ទីលំនៅ ផ្ទះ គ្មាន លេខ ផ្លូវ បេតុង ភូមិ ភ្លើង ឆេះ រទេះ ខាងលិច សង្កាត់ ភ្លើង ឆេះ រទេះ ខណ្ឌ កំ បូល រាជធានី ភ្នំពេញ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុង វេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ ៥៥ ខុសច្បាប់ ដោយម្ចាស់សិប្បកម្ម ឈ្មោះ អ៊ីវ សារិន បាននាំចូល ប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីប្រទេសចិន រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ៥៥ ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការលក់ចែកចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ ។






ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចរឹបអូសវត្ថុតាង ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសំបកថង់ សំបកកេស សំបកបាវ ម៉ាក ឆេហ្វ ៥៥ ខុសច្បាប់ ប្រមាណជាង៣០តោន, ម៉ាស៊ីនវាយកាលបរិច្ឆេទ គ្រឿង, ម៉ាស៊ីនវេចខ្ចប់ធំ ២គ្រឿង, ម៉ាស៊ីនវេចខ្ចប់តូច ៣គ្រឿង, ម៉ាស៊ីនអ៊ុតកេស២គ្រឿង, ម៉ាស៊ីនរ៉ៃ ២គ្រឿង, រថយន្តដឹកទំនិញ ៤គ្រឿង និងរ៉ឺម៉កសម្រាប់ដឹកទំនិញ ៦គ្រឿង ។





ម្ចាស់សិប្បកម្មត្រូវបាននាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី រហូតដល់រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តុលាកាក្រុងភ្នំពេញ សម្រេចឃុំខ្លួនម្ចាស់សិប្បកម្មខាងលើជាបណ្តោះអាសន្ន ៕




អត្ថបទ÷តាតុងសែនជ័យ
