
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដីសម្រាប់ការប្រកួតពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN CLUB CHAMPIONSHIP (SHOPEE CUP) 2025/26 វគ្គសន្សំពិន្ទុក្នុងពូល B។
សម្រាប់រដូវកាលឆ្នាំ ២០២៥-២៦ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង គឺស្ថិតនៅក្នុងពូល B ជាមួយក្រុម Bangkok United FC ថៃ, Johor Darul Ta’zim FC ម៉ាឡេស៊ី, Nam Dinh FC វៀតណាម, Lion City Sailors FC សិង្ហបុរី និង Shan United FC របស់មីយ៉ាន់ម៉ា។
ខណ:ការប្រកួតបើករបស់ព្រះខ័នរាជស្វាយរៀង ត្រូវជួប Shan United FC របស់មីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Thuwunna Stadium។

រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹងមានឈ្មោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship Shopee Cup 2024/25 ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ៕


