គ្រួសាររបស់យុវជន ហ៊ាង ដេវីត ដែលត្រូវបានឡានដឹកដីក្លិនស្លាប់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥​ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ កំពុងដង្ហោយរកយុត្តិធម៌ និងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយពន្លឿនការដោះស្រាយ និងតាមចាប់ជនបង្កយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។ គិតមកទល់ពេលនេះមានរយៈពេលជិត១សប្តាហ៍ហើយ តែការដោះស្រាយ និងការតាមចាប់ជនបង្កមកផ្តន្ទាទោសពីសំណាក់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគិរី នៅមិនទាន់មានពន្លឺនៅឡើយទេ ដែលធ្វើឱ្យគ្រួសារសព ដែលកំពុងរងទុក្ខសោកសង្រេងដោយសារការបាត់បង់សមាជិកជាទីស្រឡាញ់កើតទុក្ខមិនសុខចិត្តស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍លើបញ្ហានេះ។

តាមក្រុមគ្រួសារជនរងគ្រោះបញ្ជាក់ថា​ មកទល់ពេលនេះការដោះស្រាយ និងការចាប់ជនបង្កមកដោះស្រាយលើករណីរបស់យុវជន ហ៊ាង ដេវីត ដែលត្រូវបានឡានដឹកដីបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងកិនស្លាប់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ មិនទាន់មានពន្លឺនៅឡើយទេ ដែលជាហេតុធ្វើឱ្យក្រុមគ្រួសាររបស់សពកើតទុក្ខមិនសុខចិត្តចេញមកស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាលខេត្តតាកែវ និងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ជួយពន្លឿនការដោះស្រាយលើករណីនេះ និងស្រាវជ្រាវតាមចាប់ជនបង្កឈ្មោះ ញ៉ែម ស៊ីថា ហៅទូច អាយុ៤២ឆ្នាំ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ យកមកផ្តន្ទាទោសតាមច្បាប់។ ការចេញមកដង្ហោយរកយុត្តិធម៌ និងស្នើឱ្យក្រសួងស្ថាប័ន្ធពាក់ព័ន្ធជួយអន្តរាគមន៍នេះ ធ្វើឡើងក្រោយគ្រួសារសពមើលឃើញថា ការស្រាវជ្រាវតាមចាប់ជនបង្ក និងដោះស្រាយលើករណី ដែលជាបទល្មើសព្រហ្មទណ្ឌនេះពីសំណាក់មន្ត្រីនគរបាលហាក់មានភាពយឺតយ៉ាវ និងមិនសូវសកម្ម។

ពាក់ព័ន្ធបញ្ហានេះដែរ សារព័ត៌មានត្រយងបានព្យាយាមទាក់ទងតាមទូរស័ព្ទ សុំការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជា សុផល  អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ តែទូរស័ព្ទចូលមិនមានអ្នកទទួល។   

គួរបញ្ជាក់ថា យុវសិស្ស ហ៊ាង ដេវីត ត្រូវបានរថយន្តដឹកដី បើកបរដោយជនបង្កឈ្មោះ ញ៉ែម ស៊ីថា ហៅទូច ក្រោមឥទ្ធិពលគ្រឿងស្រវឹងបុក និងកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអធម្មនៅអំឡុងពេលរូបគេបើកម៉ូតូ Today ចេញពីសាលាមកផ្ទះនៅលើផ្លូវខេត្តលេខ១២៨។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ បើតាមការអះអាងរបស់ពលរដ្ឋ ដែលរស់នៅទីនោះ មុនកើតហេតុពួកគេឃើញជនបង្កខាងលើបានបើករថយន្តដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3G-0964 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយរ៉េចុះរ៉េឡើងពេញផ្លូវ លុះដល់កន្លែងកើតហេតុ ក៏បានបុក និងកិនយុវជនខាងលើស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុជនបង្កខាងលើបានបើករថយន្តគេចទៅផ្លុងចោលនៅផ្ទះរបស់ឈ្មោះ វ៉ាន់ នៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ហើយឡើងជិះរថយន្តមួយទៀតគេចខ្លួនមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននោះឡើយ។ បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគីរីវង់។

តាមប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងកាលពីពេលកន្លងមកថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។

បើតាមមាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បើអ្នកបេកបរស្ថិតក្នុងស្ថានភាពស្រវឹង​ ដោយមានអត្រាជាតិអាល់កុលចាប់ពី​០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់​ ឬចាប់ពី​០,៨០​ក្រាម​ក្នុងមួយលីត្រឈាម​ឡើងទៅ​​ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ជាដើម​ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី​២​ទៅ​៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់​ និងសំណងរដ្ឋប្បវេណីនៅឡើយយទេ។

ជាមួយគ្នានេះ​ សម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា​បានណែនាំដោយផ្ទាល់យ៉ាងច្បាស់ ​និងប្រកបដោយភាពម៉ឺងម៉ាត់​ឱ្យឃាត់ខ្លួន​ និងវាយខ្នោះជាបន្ទាន់​រាល់ជនណា ដែលមានជាតិស្រវឹងក្នុងខ្លួនហើយបើកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស​ ឬស្លាប់។​ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណា ដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស​ ឬស្លាប់៕

Share.