បាត់ដំបង÷ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើស្ត្រីម្នាក់ ដោយសារការប៉ុនប៉ងរំលោភសេពសន្ថវ:មិនសម្រេច។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កម្លាំងនគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ជាស្នងការរង កាលពីថ្ងៃទី ១៥ ខែសីហា កន្លងមកនេះបានកំណត់មុខសញ្ញាចុះឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់ទម្លាក់ចូលក្នុងប្រឡាយ ដែលប្រព្រឹត្តឡើងរួមជាមួយបក្សពួកចំនួន ២នាក់ផ្សេងទៀតកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ ត្រង់ចំណុចប្រឡាយគោកខ្ពស់ ក្រុមទី៥ ក្នុងភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សិទ្ធ ឈាង ( ហៀង ) ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ចំណែកឯស្រីជនរងគ្រោះស្លាប់មានឈ្មោះ មាស រី ភេទស្រី ២៥ឆ្នាំ មានទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចមូលដ្ឋានស្រុកថ្មគោលបានឲ្យដឹងបន្ថែមថា÷ ក្រោយការសាកសួរជនសង្ស័យបានឆ្លើយសារភាព
ថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារនាងបានបដិសេធមិនព្រមដេកជាមួយបក្សពួកខ្លួន ថែមទាំងបានគំរាមប្តឹងនគរបាលថែមទៀតទើប ខ្លួន និងបក្សពួកវាយសម្លាប់ទម្លាក់ចូលប្រឡាយតែម្តង។

ចំពោះមុខនេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការនគរបាលខេត្តបាត់ដំបងបាននឹងកំពុងពន្លឿនការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបន្ត និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យដែលឃាត់ខ្លួនបានទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ: ដំបងក្រញូង

Share.