តាកែវ ៖ ជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកត្រាំកក់ ខេត្តតាកែវ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នយងរយៈពេល២ថ្ងៃ ទី១៥-១៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងស្រុកត្រាំកក់ ស្រុកសំរោង ខេត្តតាកែវ និងសហការតាមចាប់ដល់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមអាវុធហត្ថបានឱ្យដឹងថា ក្នុងប្រតិបត្តិការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ គ្រឿងញៀនខាងលើ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំង ចុះទៅបង្ក្រាបនៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ នៅក្នុងភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងបន្តសហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមឃាត់ខ្លួនជនសង្ស័យ នៅក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការខាងលើ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៨នាក់ ដកហូតបានថ្នាំញៀន ម៉ូតូ៤គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត នាំយកទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.