នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ កងទ័ពជើងគោកថៃបានបញ្ជាក់ថា ទាហានឈុតខ្មៅ និងទាហានឈុតប៉ារ៉ា មកពីក្រុមការងារ Rajamanu នៃក្រុមការងារកងវរសេនាធំលេខ៣៥ និងកងទ័ពណារ៉េសួន បានបញ្ជូនជនភៀសខ្លួនភូមាចំនួន ២១៣ នាក់ដែលគេថាជាការស្ម័គ្រចិត្តឱ្យត្រឡប់ទៅប្រទេសខ្លួនដោយសុវត្ថិភាព បន្ទាប់ពីជនភៀសខ្លួនទាំងនោះរត់ភៀសមកទីតាំងមានសុវត្ថិភាពបណ្ដោះអាសន្ននៅតំបន់ព្រំដែនក្នុងប្រទេសថៃ។

ជនភៀសខ្លួនទាំងអស់នោះ បានរត់ចូលមកជ្រកកោនបណ្ដោះអាសន្ននៅក្នុងប្រទេសថៃព្រោះតែចង់មានជីវិតរស់នៅបន្ត បន្ទាប់ពីរបបយោធាភូមាបានបើកការវាយប្រហារ ដោយបញ្ចេញយន្តហោះចម្បាំងទម្លាក់គ្រប់បែកធន់ធ្ងន់ជាច្រើនគ្រាប់នៅតំបន់ជំរុំក្រុមបះបោរប្រឆាំងនឹងរបបយោធាភូមាដែលមានមូលដ្ឋាននៅស្រុក Laeng Poi ខេត្ត Pha-an ចម្ងាយប្រហែល ១ គីឡូម៉ែត្រទល់មុខនឹងភូមិ Ban Mae Salid Noi ឃុំ Mae Song ស្រុក Tha Song Yang ខេត្ត Tak។
ប៉ុន្តែជាអកុសល គ្រាប់ទាំងអស់នោះបានធ្លាក់ទៅលើភូមឋានផ្ទះសម្បែង មន្ទីរពេទ្យ វត្តអារ៉ាម និងសាលារៀន ដែលបង្កឱ្យមានសភាពវឹកវរចលាចល ហើយបណ្ដាលឱ្យប្រជាជនភូមាដែលរស់នៅតំបន់ព្រំដែនជាប់នឹងប្រទេសថៃ រត់ភៀសមកសុំទីសុវត្ថិភាពជ្រកក្រោនបណ្ដោះអាសន្នក្នុងប្រទេសថៃ។ ត្បិតថាថៃសម្ដែងបំភាន់ភ្នែកអន្តរជាតិឱ្យមើលឃើញថាខ្លួនបានជួយប្រជាជនភូមាដោយទទួលជនភៀសខ្លួនស្លូតត្រង់របស់ភូមាឱ្យមានសុវត្ថិភាព ប៉ុន្តែមែនទែនទៅមិនបានប៉ុន្មានថ្ងៃស្រួលបួលផង ថៃបែរបញ្ជូនជនភៀសខ្លួនភូមា ២១៣ នាក់ត្រឡប់ទៅប្រទេសខ្លួនវិញដោយទុកតែ ១៧១ នាក់ប៉ុណ្ណោះ នៅអំឡុងពេលគ្រាប់បែកនៅបន្តធ្លាក់ពីលើអាកាសបន្តបន្ទុយគ្នាមិនដាច់។ នេះមិនខុសអីរុញពួកគេឱ្យទៅរកសេចក្ដីស្លាប់ម្ដងទៀត ហើយបែរជាអះអាងថាជាពួកគេស្ម័គ្រចិត្តត្រឡប់ទៅប្រទេសវិញ។

យ៉ាងណាមិញ នៅថ្ងៃទី ១៧ ខែសីហា ដដែលនោះ សារព័ត៌មាន Khaosod បានបញ្ជាក់ថា យោធាភូមាបានបញ្ចេញយន្តហោះចម្បាំង ២ គ្រឿងប្រភេទ YAK-130 បើកវាយប្រហារជាលើកទី២បន្តបន្ទាប់ទម្លាក់គ្រាប់ធន់ធ្ងន់ទម្ងន់ ២២៦ គីឡូក្រាមចំនួន ៤ គ្រាប់ទៅលើតំបន់ព្រំដែនសំដៅមកទីតាំងភូមិឋានជនស៊ីវិលបណ្ដាលឱ្យមានមនុស្សជាង ២៤ នាក់របួងនិងបាត់បង់ជីវិត។ ប្រជាជនភៀសខ្លួនភូមាសព្វថ្ងៃកំពុងរស់នៅក្នុងភាពភិតភ័យ បើទោះបីជាឡើងគោកក៏គង់ជួបនឹងខ្លា ទោះជាត្រូវចុះទឹកក៏គង់ជួបនឹងក្រពើ។ ទុក្ខវេទនាមួយនេះមិនមែនផ្ដល់ត្រឹមតែប្រជាជនភូមាប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនថៃដែលរស់នៅជាប់ព្រំដែនភូមាក៏រស់នៅមិនស្រណុកចិត្តដូចគ្នាដែរ៕

