មើលលើការចេញផ្សាយរបស់សារព័ត៌មាន Thairath ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ Pana Klaewplodthuk អគ្គមេបញ្ជាការនៃកងទ័ពជើងគោកថៃ បានបញ្ជារឱ្យដាក់ពង្រាយគ្រូពេទ្យយោធានៃក្រុមគ្រូពេទ្យ M-MCATT ចុះទៅតាមតំបន់ព្រំដែនជួរមុខ ដើម្បីព្យាបាលផ្លូវចិត្តកូនទាហាន និងសតិអារម្មណ៍របស់ពួកគេ បន្ទាប់ពីកើតហេតុការណ៍កូនទាហានបាក់ស្បាតម្នាក់រត់ចោលជួរបានបាញ់ជនស៊ីវិលស្លាប់ក្នុងខេត្តសុរិន្ទ។

នៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ថៃបានរកឃើញថា កូនទាហានច្រើននាក់មានជំងឺសតិអារម្មណ៍ ជំងឺថប់បារម្ភ និងខ្លះទៀតមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ រហូតធ្វើឱ្យពួកគេភ័យបាក់ស្បាត និងខ្លះបានសម្រេចចិត្តធ្វើអត្តឃាតថែមទៀត​ផង​។ ចេញករណីរបស់កូនទាហានដែលរត់ចោលជួរហើយបានបាញ់រះចំនួន ១២ គ្រាន់ និងបាញ់ជនស៊ីវិលស្លូតត្រង់២នាក់ស្លាប់នៅក្នុងខេត្ត សុរិន្ទ កាលពីថ្ងៃទី ១៥ សីហា ថ្មីនេះ បានធ្វើឱ្យជំរុញឱ្យក្រុមគ្រូពេទ្យយោធាទាំងអស់តាមតំបន់ភូមិភាគ ចុះអន្តរាគមន៍ពន្លឿនលើការព្យាបាលផ្លូវចិត្ត និងសតិអារម្មណ៍របស់កូនទាហានឱ្យទាន់ពេលវេលា និងអាចវិលមករកសភាពល្អប្រសើរដូចដើមវិញ។

ទន្ទឹមនេះក្រុមពេទ្យយោធាខាងលើបានវាយតម្លៃអំពីសញ្ញាស្ថានភាពសុខភាពកងទ័ពជួរមុខយ៉ាងម៉ដ្ឋចត់ដើម្បីធានានូវការទប់ស្កាត់ឧប្បត្តិហេតុ និងកត្តាហានិភ័យដែលអាចប៉ះពាល់ដល់កងទ័ពក្នុងអំឡុងពេលប្រទេសថៃកំពុងតែមានការផ្ទុះអាវុធតាមតំបន់ព្រំដែន។

កម្រិតនៃការព្យាបាលត្រូវបានចែកចេញជា ៣ សំខាន់ៗ ដោយក្នុងនោះរកឃើញថា គំនូសបៃតងបញ្ជាក់ពីសុខភាពកូនទាហានមានហានិភ័យកម្រិតទាប រីឯពណ៌លឿងបញ្ជាក់ថាកូនទាហានទាំងនោះស្ថិតក្នុងហានិភ័យមធ្យមដែលតម្រូវឱ្យមានការព្យាបាលតាមតំណាក់កាល ចំណែកកូនទាហានដែលរកឃើញថាផ្លូវចិត្តពួកគេស្ថិតក្នុងគំនូសពណ៌ក្រហម គឺអាចបញ្ជាក់ថាមានហានិភ័យខ្ពស់ដែលតម្រូវឱ្យពួកគេប្រញាប់ស្តារនីតិសម្បទាផ្លូវចិត្តជាបន្ទាន់ ដើម្បីធានាថាសុខភាពរបស់ពួកគេនឹងវិលមករកភាពធម្មតាវិញបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

តាមសម្ដីរបស់មេទ័ពភូមិភាគ២ ប៊ុនស៊ីន ផាតក្លាង បានបញ្ជាក់ថា លោកទទួលស្គាល់អំពីការប្រយុទ្ធនៅជួរមុខពិតជាបានជះឥទ្ធិពលដល់ស្ថានភាពផ្លូវចិត្ត និងភាពតានតឹងចំពោះកូនទាហានគ្រប់រូប។ ក្រៅពីព្យាបាលផ្លូវចិត្ត និងសតិអារម្មណ៍របស់កូនទាហានតាមព្រំដែនហើយនោះ ក្រុមគ្រូពេទ្យបានតាមដានសុខភាពរបស់ពួកគេចំពោះអាការសញ្ញាជំងឺទូទៅ លើសពីនេះទៀតក៏បានបន្ថែមសម្ភារៈវេជ្ជសាស្រ្ត និងឧបករណ៍សង្គ្រោះបឋមដើម្បីឱ្យអង្គភាពអាចផ្តល់ការថែទាំដំបូងភ្លាមៗក្នុងករណីសង្គ្រោះបន្ទាន់៕

Share.