សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនារសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែន និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ព្រមទាំងគណៈកម្មការជំនាញនានា នៃរដ្ឋសភា ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ” នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

នៅចំពោះមុខគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤)នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងអំពីដំណើរការនិងសាវតានៃសេចក្តីព្រាងច្បាប់នេះថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការឈ្លានពានទឹកដី ពីសំណាក់រដ្ឋបរទេស បែរជាមានប្រជាពលរដ្ឋខ្មែរមួយក្តាប់តូច បានធ្វើសកម្មភាព និងកំពុងធ្វើសកម្មភាពនានាដែលនាំឱ្យអន្តរាយដល់ខឿនការពារជាតិ សន្តិសុខជាតិ និងអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា ។

ដោយពិនិត្យឃើញនូវភាពចាំបាច់ និងផ្អែកតាមមាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងតាមសេចក្តីស្នើសុំពីតំណាងរាស្ត្រទាំង១២៥រូប រាជរដ្ឋាភិបាលបានផ្តួចផ្តើមធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាមូលដ្ឋានគតិយុត្តនិងបើកផ្លូវ ដល់ការធ្វើវិសោធនកម្មដោយបន្ថែមឱ្យមានការដកសញ្ជាតិខ្មែរចំពោះជនដែលធ្វើសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ នាំឱ្យអន្តរាយដល់សន្តិភាព ការឯកភាពជាតិ អធិបតេយ្យភាព បូរណភាពជាតិ និងសន្តិសុខជាតិ ក៏ដូចជាទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ និងជាតិមាតុភូមិកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នឹងផ្តល់ប្រយោជន៍សំខាន់ៗដូចដូចជា ធ្វើឱ្យច្បាប់ស្តីពីសញ្ជាតិ ស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាឧបករណ៍គតិយុត្តសំខាន់មួយ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិជាក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំក្នុងការទប់ស្កាត់ និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិនិងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ពង្រឹងនូវការអនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងការអនុវត្តនៃការទទួលបានសញ្ជាតិខ្មែរស្របតាមនីតិវិធីនៃច្បាប់នេះ ពង្រឹងភាពស្មោះត្រង់ចំពោះជាតិ មនសិកាស្នេហាជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការដកសញ្ជាតិខ្មែរគឺជាការកាត់ផ្តាច់ចំណងគតិយុត្តនិងនយោបាយចំពោះជនដែលក្បត់ជាតិតែប៉ុណ្ណោះ។

បើតាមក្រសួងព័ត៌មាន ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយទៅជាឧបករណ៍គតិយុត្តដែលមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយដ៏រឹងមាំក្នុងការទប់ស្កាត់ការប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជាតិសេចក្តីសុខសាន្តរបស់ប្រជាជននិងឧត្តមប្រយោជន៍របស់ប្រទេសជាតិ ។

ឯកឧត្តមបានបញ្ជាក់ថា « សេចក្តីព្រាងច្បាប់នេះ មិនបង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងមិនប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋខ្មែរឡើយ»។

ជាមួយគ្នានេះ ឯកឧត្តម អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការទី៦ បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើសេចក្ដីព្រាងច្បាប់នេះ ដែលជាច្បាប់មួយមានភាពចាំបាច់សម្រាប់ប្រទេសជាតិ និងស្របទៅតាមកាលៈទេសៈត្រូវការរបស់ប្រទេសកម្ពុជា។

បន្ទាប់ការពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលយ៉ាងល្អិតល្អន់ ដោយមានការលើឡើងនូវចម្ងល់ពីគណៈកម្មការរដ្ឋសភា និងការបកស្រាយ ឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការរដ្ឋសភា បានឯកភាពគ្នា បញ្ជូន សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់សញ្ជាតិ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕

Share.