តាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះឱ្យដឹងថា ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយរៀបរាប់ជាសំណេរនៅលើបណ្ដាញសង្គម X ថា លោកនឹងរៀបចំបើកជំនួបត្រីភាគី ដោយលោកចង់ជួបជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និង មេដឹកនាំអ៊ុយក្រែន លោក ហ្សែឡេនស្គី រួមគ្នា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្កា ដើម្បីសម្របសម្រួលបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត ៤ ឆ្នាំ ។

មុននេះលោក ដូណាល់ ត្រាំ បានជួបប្រជុំជាមួយ លោកប្រធានាធិបតី Volodymyr Zelenskyy មេដឹកនាំប្រទេសអ៊ុយក្រែន លោក Emmanuel Macron ប្រធានាធិបតីប្រទេសបារាំង លោក Alexander Stubb ប្រធានាធិបតីប្រទេសហ្វាំងឡង់ លោក Giorgia Meloni នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី លោក Keir Starmer នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស លោក Friedrich Merz អធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោក Le Ursula ប្រធានគណៈកម្មការអឺរ៉ុបនៅក្នុងសេតវិមាន លោកក៏បានលើកពីការពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដែលការធានាបានថានឹងត្រូវគាំទ្រដោយបណ្តាប្រទេសអឺរ៉ុបផ្សេងៗ ចូលរួមសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលជាមេដឹកនាំធំៗរបស់អ៊ឺរ៉ុបលើកនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សែឡេនស្គី មានគោលបំណងបង្កើនសម្ពាធបន្ថែមលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យឈរនៅខាងអ៊ុយក្រែន ពេលជួបប្រជុំត្រីភាគីជាមួយមេរុស្ស៊ី លោក ពូទីន នាពេលខាងមុខ។ មេដឹកនាំអឺរ៉ុប ក៏បញ្ជាក់ប្រាប់លោក ត្រាំ ថា គ្មានការសម្រេចចិត្តណាមួយ គួរតែត្រូវបានធ្វើឡើង ដោយគ្មានវត្តមានអ៊ុយក្រែនរួមទាំង ការផ្លាស់ប្តូរព្រំដែនដោយបង្ខំនោះទេ ដែលនេះក៏ជាការបង្ហាញពីជំហរមួយនាំការគាំទ្រមកលើអ៊ុយក្រែនផងដែរ។

លោក ត្រាំ ថាលោកនឹងដើរតួនាទីសំខាន់បំផុតដើម្បីធ្វើឱ្យប្រសើរឡើងនូវការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានអូសបន្លាយពេលជិត ៤ ឆ្នាំ មកហើយ។ អនុប្រធានាធិបតី JD Vance និងរដ្ឋលេខាធិការ Marco Rubio រួមទាំងបេសកជនពិសេស Steve Witkoff កំពុងសម្របសម្រួលជាមួយរុស្ស៊ី និងអ៊ុយក្រែន ក្នុងកំណត់ទីតាំងជក់លាក់មួយដើម្បីបើកកិច្ចប្រជុំធំនាលើកនេះ។

គួររំលឹកថា ជំនួបកំពូលទ្វេភាគី ត្រាំ ពូទីន នៅលើទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែសីហា កន្លងមកនេះ ត្រូវបានបង្ហាញពីជំហរផ្តោតលើការដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរផងដែរ ៕

Share.