បណ្ដាសារព័ត៌មានថៃក្នុងស្រុកទាំងអស់បានសម្រុកចេញផ្សាយពីការប្រកាសយ៉ាងម៉ឺងម៉ាត់របស់លោក ភូមិថាំ វេជ្យឆ័យ នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិរបស់ប្រទេសថៃ បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មានថា នឹងប្ដឹងចាប់ខ្លួនសម្ដេច ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ភ្លាមៗមិនថាពេលណា ម៉ោងណាទេប្រសិនបើសម្ដេចបានជាន់ដីថៃជួបនៅទីណាចាប់ខ្លួននៅទីនោះ។

នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ លោក ភូមិថាំ វេជ្យឆ័យ នាយករដ្ឋមន្ត្រីស្តីទីបានផ្ដល់បទសម្ភាសន៍ជាមួយបណ្ដាអ្នកសារព័ត៌មានថៃ បន្ទាប់ដឹកនាំប្រជុំក្រុមព្រឹក្សាសន្តិសុខជាតិដោយបានរៀបរាប់ថា ៖ «ដោយឡែកយើងបានពិភាក្សាអំពីចំណាត់ការផ្លូវច្បាប់ដើម្បីប្ដឹងប្រឆាំងនឹងកម្ពុជាចំពោះការប្រើប្រាស់កម្លាំងយោធា និងសព្វាវុធធន់ធ្ងន់ ក្នុងការឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសថៃ ដែលបានប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃ។

ក្នុងនោះយើងបានកំពុងរៀបចំពាក្យបណ្ដឹង ប្ដឹងប្រទេសកម្ពុជាទាំងមូល រួមទាំងមេដឹកនាំកម្ពុជា ដែលបញ្ហាបណ្ដឹងនេះត្រូវបានពិចារណាដោយក្រុមប្រឹក្សាផ្នែកច្បាប់ ហើយនៅពេលនេះបានប្រគល់ជូនអគ្គស្នងការនគរបាលជាតិជាអ្នកចាត់ចែង និងបន្តបញ្ជូនសំណុំរឿងទៅកាន់ស្នងការនរគបាលប្រចាំភូមិភាគទី ៣ ថៃ ដែលជាមជ្ឈមណ្ឌលទទួល​ពាក្យបណ្តឹងពីប្រជាពលរដ្ឋ ភ្នាក់ងាររដ្ឋាភិបាល និងបណ្ដឹងបុគ្គលទូទៅ។ បន្ទាប់មកយើងនឹងបញ្ជូនពាក្យបណ្តឹងទាំងនោះទៅកាន់អគ្គមេធាវី ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក្យបណ្តឹងទាំងអស់គឺយើងប្ដឹងតែចំពោះតុលាការនៅក្នុងស្រុកតែប៉ុណ្ណោះ ព្រោះវាបានប៉ះពាល់តែចំពោះសន្តិសុខ​ជាតិ និងទ្រព្យសម្បត្តិជាតិថៃ»​។

យ៉ាងណាមិញ ជាការឆ្លើយបញ្ជាក់បន្ថែមទៅកាន់អ្នកសារព័ត៌មានឱ្យយល់កាន់តែច្បាស់បន្ថែមទៀតនោះ លោក ភូមិថាំ បាននិយាយសង្កត់ធ្ងន់ថា ៖ « បណ្ដឹងនេះ គឺជាការប្ដឹងដែលអាចដំណើរទៅរួច យ៉ាងហោចណាស់វាជារឿងក្ដីដែលត្រូវបោសសម្អាតតាមក្រោយបាន ពោលគឺ ជួបទីណា ពេលណា ឬក៏ឈានជើងចូលមកប្រទេសថៃភ្លាម យើងត្រូវចាប់ខ្លួនភ្លែត។ ប្រគល់ឱ្យអគ្គមេធាវីប្រមូលសំណុំរឿងទាំងអស់ពនិត្យ និងរួបរួមដើម្បីដំណើរការតាមនីតិវិធី»។ សម្ដីនេះលោក ភូមិថាំ ពិតជាបានសំដៅដល់ការចាប់ខ្លួនសម្ដេច ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាពិតប្រាកដមែន។

ជាឆ្លើយតបរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះជាសំណេរហ្វេសប៊ុកផ្លូវការថា ៖ «តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឱ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?»៕

Share.