ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្លាស់ប្តូរតំណែងអភិបាលខេត្តកោះកុង មិនមានទាក់ទងនឹងបញ្ហាព្រំដែន ឬកំហុសឆ្គងណាមួយទេ។ ជាមួយនឹងការដឹកនាំរបស់លោកជំទាវនោះ អ្នកនាំពាក្យរងបានថ្លែងថា លោកជំទាវ មិថុនា ភូថង ភូទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ ក៏ដូចជាការស្រឡាញ់ ពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋជាទូទៅ។
កាលពីថ្ងៃទី២០ ខែសីហា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកជំទាវ ឈី វ៉ា ឱ្យកាន់តំណែងជា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង។ ឯ លោកជំទាវ មិថុនា ភូថង ត្រូវប្ដូរមុខតំណែងពី អភិបាលខេត្តកោះកុង មកជារដ្ឋលេខាធិការក្រសួងកិច្ចការនារីវិញ។

លោកជំទាវ មិថុនា ភូថង ប្ដូរពីអភិបាលខេត្តកោះកុង ទៅកាន់តំណែងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង

ការផ្លាស់ប្ដូរនេះធ្វើឲ្យមហាជនកើតមានចម្ងល់ថាអាចពាក់ព័ន្ធទៅនឹងស្ថានភាពព្រំដែនកម្ពុជានិងថៃ ឬកើតមានកំហុសណាមួយ ផ្ទុយពីទស្សនៈនេះ លោកបណ្ឌិត ទូច សុខៈ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះ កើតឡើងដោយសារតែលោកជំទាវបានបម្រើតួនាទីជាអភិបាលខេត្តកោះកុងអស់រយៈពេលពីរអាណត្តិ ស្មើនឹង ៨ ឆ្នាំ។ ក្នុងអំឡុងពេលនោះ លោកជំទាវបានទទួលបទពិសោធន៍ច្រើនក្នុងវិស័យដឹកនាំ និងយល់ច្បាស់អំពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ស្ត្រីនៅតាមមូលដ្ឋាន។
ដើម្បីពង្រឹងការលើកកម្ពស់ស្ត្រី និងការដាក់ចេញនូវគោលនយោបាយសមភាពយេនឌ័រឲ្យបានប្រសើរនោះ លោកជំទាវ ភូថង មិថុនា បានប្ដូរទៅកាន់តួនាទីថ្មី ជារដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី។ ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យលោកជំទាវនាំយកបទពិសោធន៍ដឹកនាំមកជួយដល់ការកសាងគោលនយោបាយថ្មីៗ ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ស្ថានភាពស្ត្រីនៅកម្ពុជា ឲ្យកាន់តែរឹងមាំ និងរីកចម្រើន។ លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
សូមរំលឹកថា លោកស្រី មិថុនា ភូថង បានចូលកាន់តំណែងជាអភិបាលខេត្តកោះកុងកាលពីខែមិថុនា ឆ្នាំ២០១៧។ តាមរយៈតួនាទីជាអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង គឺស្រ្តីដំបូងហើយក៏ស្ថិតក្នុងចំណោមអភិបាលខេត្តវ័យក្មេងទាំង ៥ រូប ដែលត្រូវប្រមុខរដ្ឋាភិបាលតែងតាំងតួនាទីជាក្បាលម៉ាស៊ីនដឹកនាំខេត្ត។
លោកស្រី មិថុនា ភូថង កើតនៅខែមិថុនា ឆ្នាំ១៩៨០ បច្ចុប្បន្នមានវ័យ ៤៥ ឆ្នាំ។ លោកស្រីគឺជាកូនស្រីច្បងរបស់លោក យុទ្ធ ភូថង និងជាចៅស្រីរបស់លោក សាយ ភូថង មេដឹកនាំចលនាតស៊ូភាគនិរតី ក្នុងសម័យតស៊ូរំដោះជាតិពីរបបខ្មែរក្រហម។ លោកស្រីមានស្វាមីជាមន្ត្រីនគរបាលជើងទឹក និងមានកូនប្រុសពីរនាក់៕
