នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ បើតាមសេចក្ដីរាយការណ៍ពីអធិការស្នងការនគរបាលស្រុកតាក់បៃ បានបង្ហាញថា នៅវេលាម៉ោង ៨:១៥ យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២0២៥ មានហេតុការណ៍ជនល្មើសលួចដាក់គ្រាប់បែករថយន្តនៅក្បែរមូលដ្ឋានការពារសហគមន៍សាឡាម៉ៃ ភូមិលេខ១ ភូមិកុកម៉ាហ្វួង ឃុំសាឡាម៉ៃ ស្រុកតាក់បៃ ខេត្តណារ៉ាធីវ៉ាត់។ លោកបានចុះទៅពិនិត្យកន្លែងកើតហេតុជាមួយលោកនាយទោ ឆាវ៉ាល់លុប ខាំបៅ មេបញ្ជាការកងអនុសេនាធំកាំភ្លើងតូចទី១ នៃអង្គភាពពិសេសនាវាចរទី៣៣ និងកម្លាំងនគរបាល យោធា និងអាជ្ញាធរមួយចំនួន។

ក្រោយការបំផ្ទុះនោះ នៅមុខមូលដ្ឋានការពារសហគមន៍ មានបំណែករថយន្តម៉ាកតូយ៉ូតា ម៉ូដែលយ៉ារីស ពណ៌ខ្មៅ ស្លាកលេខណាខនស៊ីថាមរ៉ាត់ ខ្ទេចខ្ចាត់ខ្ចាយនៅលើផ្លូវ និងបានបំផ្លាញផ្នែកខាងមុខមូលដ្ឋានទាំងស្រុង។ រថយន្តភីកអាប់ម៉ាកតូយ៉ូតា ពណ៌ប្រផេះខ្មៅ ស្លាកលេខក្រុងបាងកក ដែលជារបស់មូលដ្ឋានការពារសហគមន៍ក៏រងការខូចខាតផងដែរ។ ហេតុការណ៍នេះបណ្តាលឱ្យសមាជិកកងកម្លាំងថែរក្សាដែនដីនៅមូលដ្ឋាននេះរងរបួស៣នាក់។
អាជ្ញាធរបានបិទតំបន់នេះ បានបញ្ជាឱ្យពិនិត្យកាមេរ៉ាសុវត្ថិភាពនៅតំបន់នោះ ហើយរកឃើញថា ជនល្មើសលួចដាក់គ្រាប់បែករថយន្ត និងសកម្មភាពរបស់ជនល្មើស២នាក់ដែលជិះ និងអង្គុយពីក្រោយម៉ូតូរត់គេចខ្លួនតាមផ្លូវនោះ… ពីការស៊ើបអង្កេត គេដឹងថា មុនពេលកើតហេតុ ជនល្មើសម្នាក់បានបើករថយន្តដែលផ្ទុកគ្រាប់បែកមកចតនៅជិតមូលដ្ឋានការពារសហគមន៍។ បន្ទាប់មក ជនល្មើសបានដាក់ហ្គែរ ហើយលោតចេញពីរថយន្ត ទុកឱ្យរថយន្តរអិលទៅមុខមូលដ្ឋាន។ បន្ទាប់មក ជនល្មើសម្នាក់ទៀតបានជិះម៉ូតូមកទទួល និងនាំជនល្មើសនោះរត់គេចខ្លួន អំឡុងពេលរត់គេចខ្លួន នៅពេលឃើញរថយន្តបានរអិលមកដល់មុខមូលដ្ឋាន ជនល្មើសដែលបើករថយន្តផ្ទុកគ្រាប់បែកបានរត់ទៅអង្គុយពីក្រោយម៉ូតូរបស់មិត្តភក្តិដែលមកទទួល ហើយបានបំផ្ទុះគ្រាប់បែក បណ្តាលឱ្យមានសំឡេងផ្ទុះខ្លាំង។
សមត្ថកិច្ចបានព្យាយាមតាមចាប់ជនល្មើសនិងបាញ់ស្ទាក់ដែរ តែជនល្មើសទាំងពីរនាក់បានរត់រួចដូច្នេះ មន្ត្រីប៉ូលិសប្រចាំការនៅខេត្តណារ៉ាធីវ៉ាត់ បានបញ្ជាឱ្យស្នងការនគរបាលទាំង១៣ស្រុក បង្កើនការប្រុងប្រយ័ត្នក្នុងការបំពេញភារកិច្ច និងមិនឱ្យធ្វេសប្រហែស ដោយខ្លាចជនល្មើសអាចនឹងឆ្លៀតឱកាសបង្កហេតុអាក្រក់ផ្សេងទៀត។
ខណៈដែលថៃបន្តប្រឹងផ្ដល់សម្ពាធមកលើកម្ពុជា ដោយឆ្លៀតឱកាសដែលកម្ពុជាព្យាយាមអនុវត្តនូវបទឈប់បាញ់ ដោយរាយបន្លាលួសផង ព័ទ្ធយកដីយកផ្ទះប្រជាជនកម្ពុជាផង ថៃខ្លួនឯងក៏កំពុងតែជួបបញ្ហាឈឺក្បាល និងអសន្តិសុខនៅខេត្តភាគខាងត្បូងដូចគ្នា ដោយសារក្រុមប្រឆាំងបំបែករដ្ឋ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់ កំពុងបញ្ចេញគ្រប់សកម្មភាពបង្កភាពចលាចលផងដែរ៕

