តាមរយៈសារព័ត៌មាន BBC ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ាបានចេញផ្សាយនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នេះឱ្យដឹងថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ គណៈកម្មការយោធាភូមាបានចាត់វិធានការយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ពង្រឹងវិធានការប្រឆាំងនឹងការរត់ពន្ធខុសច្បាប់ ដោយថ្មីៗនេះបានបិទការនាំចូលប្រេងឥន្ទៈពីប្រទេសថៃ។

អាជីវករតាមព្រំដែន និងអ្នកស្រុកលើកឡើងថា តម្លៃប្រេងកំពុងឡើងថ្លៃ​នៅតំបន់ទីក្រុង Myawaddy បន្ទាប់មានការបិទច្រកព្រំដែនភូមាជាមួយថៃជាបណ្ដោះអាសន្ន។ យោធាមីយ៉ាវ៉ាឌី បានអនុវត្តការរឹតបន្តឹងនិងត្រួតពិនិត្យលើការនាំចូលទំនិញ និងបង្កើនកិច្ចប្រឹងប្រែងបង្ក្រាបលើការរត់ពន្ធ ជាហេតុធ្វើឱ្យរថយន្ដទំនិញរបស់ថៃ និងរថយន្តដឹកប្រេងរបស់ថៃរាប់រយគ្រឿងត្រូវជាប់គាំងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ។

មួយវិញទៀត ប្រការបិទផ្លូវប្រេងឥន្ទៈពីថៃ ត្រូវបានក្រុមអ្នកសង្កេតការណ៍យោធាមួយចំនួនបានលើកឡើងថា យោធាភូមាមានបំណងដណ្តើមកាន់កាប់ផ្លូវហាយវេ Myawaddy-Asia ទាំងមូល បន្ទាប់ពីបានយកផ្លូវ Kyondo-Kawkareik មកវិញ ហើយការប្រយុទ្ធនឹងកើតមានកាន់តែខ្លាំងឡើង។ បច្ចុប្បន្ន​មីយ៉ាវ៉ាឌី​ជួបប្រទះនឹងការខ្វះខាតប្រេងឥន្ធនៈ ប្រជាជនខ្លះក្នុងតំបន់ត្រូវធ្វើដំណើរទៅកាន់ស្រុក Mae Sot ប្រទេសថៃដើម្បីទិញប្រេងឥន្ទៈ។

តាមកាសែត The Nation ថៃបានលើកឡើងពីបញ្ហាព្រំដែននៅជាប់ភូមានថា បណ្ដាក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោករបស់ថៃមានក្ដីរំពឹងថា ច្រកព្រំដែនជាមួយភូមាអាចនឹងបើកឡើងវិញប្រហែលជានៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥​។ ដើម្បីដោះស្រាយបញ្ហាទំនិញថៃជាបន្ទាន់ដែលកំពុងជាប់គាំងនៅព្រំដែន លោក ភូមិថាំ វេជ្យឆ័យ បានបញ្ជាទៅកាន់នាយកដ្ឋានពាណិជ្ជកម្មថៃពន្លឿនការណាត់ជួបជាមួយអនុព័ន្ធពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាក្នុងប្រទេសថៃ ដើម្បីសម្របសម្រួលបញ្ហានេះឱ្យបានឆាប់បំផុត៕

Share.