យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MGR បានឱ្យដឹងថា នៅរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ម្សិលមិញនេះ ប្រជាកសិករថៃរស់នៅខេត្ត ផេតឆាប៊ូន ជាច្រើននាក់ដែលប្រកបរបរដាំពោតបាននាំគ្នាលើកបដាបាតុកម្មទាមទារប្ដូររដ្ឋាភិបាលថ្មី ដោយស្ដីបន្ទោសរដ្ឋាភិបាលសព្វថ្ងៃថាអសមត្ថភាពធ្វើការគ្មានដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយសារតែតម្លៃកសិផលធ្លាក់ចុះថោក ហើយបែរជាប្រឈមជាមួយតម្លៃជី ថ្នាំ និងប្រេងឡើងថ្លៃជាលំដាប់ បណ្ដាលឱ្យពួកគេបង់ខាតទ្រព្យសម្បត្តិជាច្រើន។

កសិករថៃទាំងអស់បានស្រែកតវ៉ានៅតាមដងផ្លូវដោយទាមទារឱ្យប្ដូររដ្ឋាភិបាលថ្មីជាបន្ទាន់ បណ្ដាបាតុករបានលើក​បដា​សរសេរពាក្យពេចន៍ស្ដីបន្ទោសរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន រដ្ឋមន្ត្រីព្យួរតំណែង ដោយរៀប​រាប់​ថា​ «ពេលនេះតម្លៃពោតធ្លាក់ចុះថោក តែ ជី ថ្នាំ និងប្រេងឡើងថ្លៃ តើប្រជាជនថៃមានស៊ីមានប្រើដូចអ្វីដែលលោកស្រីលើកឡើងនៅពេលណាទៅ? តើប្រទេសថៃនឹងមានកត្តិយស មានភាពថ្លៃថ្នូរនៅពេលណាទៅ?» និងអ្នកខ្លះទាមទារ​ឱ្យមានការបោះឆ្នោតជាថ្មីឡើងវិញ។

មេដឹកនាំក្រុមកសិករ លោក ថង ម៉ា ជាកសិករនៅស្រុក ឈុនដែន បានលើកឡើងថាតម្លៃពោតសព្វថ្ងៃធ្លាក់ចុះពីតម្លៃ ៨-៩ បាតមកនៅត្រឹម ៣ បាតក្នុង ១គីឡូ ខណៈពោតសំណើម ៣៥ ភាគបានធ្លាក់ចុះមកនៅត្រឹម ៥ បាតក្នុង ១គីឡូ។ ប្រការនេះគឺខុសពីអ្វីដែលរដ្ឋាភិបាលបានសន្យាជាមួយប្រជាកសិករនៅអំឡុងពេលបោះឆ្នោតថាយ៉ាងហោចណាស់ត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះនឹងជួយឱ្យប្រជាកសិករទាំងអស់រស់នៅដោយមិនមានក្ដីកង្វល់ មានរបស់ហូបចុកគ្រប់គ្រាន់ និងមានកត្តិយសយ៉ាងថ្លៃថ្នូរ។

ប្រជាកសិករថៃរស់នៅខេត្ត ផេតឆាប៊ូន បានទាមទារឱ្យរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ផ្ដល់សំណងថ្លៃ​ទនិ្ន​ផល​ខូត​ខាត​ និងទាមទារឱ្យទិញកសិផលពោតក្នុងតម្លៃ ៧ បាតក្នុង ១គីឡូក្រាមរយៈពេល ៣ ឆ្នាំ និងទុករយៈពេលនៃការឆ្លើយតបវិញយ៉ាងឆាប់រហ័សត្រឹមថ្ងៃទី ២២ ខែសីហា ប៉ុណ្ណោះ។ យ៉ាងណាមិញ អភិបាលខេត្ត ផេតឆាប៊ូន បានសន្យាថានឹងបញ្ជូនលិខិតទាមទាររបស់កសិករទាំងអស់ទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទើបក្រុមបាតុករនាំគ្នាបំបែកផ្លូវត្រឡប់ទៅផ្ទះសម្បែងវិញ។

គួររំលឹកថា ប្រទេសថៃនាពេលនេះកំពុងជួបវិបត្តិការនាំចេញនូវផលិតផលរបស់ខ្លួនទៅក្រៅប្រទេសបន្ទាប់ពីបិទច្រកព្រំដែនឯកតោភាគីជាមួយកម្ពុជា ដោយក្នុងនោះប្រធានាធិបតីហ្វីលីពីនទើបតែប្រកាសបិទការនាំចូលអង្ករថៃ ២ខែ ហើយប្រទេសភូមាឯណោះវិញបានសម្រេចរឹតបន្តឹងការនាំចូលផលិតផលពីប្រទេសថៃធ្វើរថយន្តកុងតឺណ័រធំៗរបស់ថៃជាង ៦០០ គ្រឿងជាប់គាំងតាមច្រកព្រំដែនផងដែរ៕

Share.