ប្រទេសចិនតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកម្ពុជាលោក Wang Webin បានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីសដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជានិងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស។

ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៥នេះថា ចិននឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

ការប្រកាសរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើង ស្របពេលដែលកម្ពុជានិងថា កំពុងស្ថិតនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់ដែលភាគីទាំងពីរបានព្រមព្រៀងនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ក្រោយកើតមានការប៉ះទង្គិចគ្នាដោយអាវុធរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ខណៈដែលកងទ័ពថៃបានចូលឈ្លានពានទឹកដីកម្ពុជា។

ចំពោះការអនុវត្តបទឈប់បាញ់កាលពីថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០២៥ កន្លងទៅ អ្នកតាម ដានស្ថានការនយោបាយ​ជាតិ និងអន្ដរជាតិ បាន​កត់សម្គាល់ឃើញថា ប្រទេសកម្ពុជា​បាន​អនុវត្ត​នូវបទឈប់បាញ់​បាន​១០០% ខណៈថៃ​នៅតែបន្តរករឿងកម្ពុជាតាមរយៈការចោទប្រឌិតព័ត៌មាន ការចល័តទ័ព ការបំពាន​រុល​ចូល​ដីកម្ពុជាដោយរាយបន្លាលួស ដាក់កង់ឡាន ​ព័ទ្ធផ្ទះពលរដ្ឋខ្មែរ​ដែលធ្លាប់​រស់​នៅ​រាប់​សិបឆ្នាំកន្លងមកហើយជាដើម។

សកម្មភាពរបស់ក្រុមទាហានថៃទាំងនេះ គឺជាការរំលោភទៅស្មារតីនៃបទឈប់បាញ់ នៅចំនួន២ចំណុច​សំខាន់ក្នុងចំណោម​១៣ចំណុច គឺនៅត្រង់ចំណុចទី២ដែលបានឯកភាពគ្នាថា ទាំងពីរប្រទេសមិនត្រូវ​ចល័តកងទ័ព និងចំណុចទី៤ ភាគីទាំងពីរមិន ត្រូវ ប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលនាំឱ្យមានភាពតានតឹង ឡើយ​នោះឡើយ។

សូមរំលឹកដែរថា តាមរយៈកិច្ច ប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមាន ការចូលរួម សង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត ចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុង គូឡាឡាំពួរប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច៕

Share.