ភ្នំពេញ ៖ ខណៈដែលប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ កាន់តែខិតជិតមកដល់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។





បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជី ឈ្មោះ លេខ តុ លេខ បន្ទប់ តារាង ប្រព្រឹត្ត ទៅ នៃ វិញ្ញាសា និង ប្លង់ បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិ ប្រឡង ដែលត្រូវ បាន បិទ នៅ តាម គ្រប់ មណ្ឌល ប្រឡង ទូទាំង ២៥ រាជធានី-ខេត្ត។


ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ។ ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃ២៨ ខែសីហានេះ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នឹងធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២២នេះ ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥។
អត្ថបទ៖ តាតុងសែនជ័យ

