ប្រទេសវៀតណាម បានបញ្ជាឱ្យជម្លៀសមនុស្សជាង ៥៨៦,០០០នាក់មុនព្យុះទីហ្វុង Kajiki បោកបក់មកដល់ ស្របពេលដែលព្យុះនេះកំពុងបោកបក់កាត់ខេត្តហៃណាន ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។

ក្រុមអ្នកព្យាករណ៍អាកាសធាតុ បាននិយាយថា ព្យុះនេះកំពុងបក់បោកក្នុងល្បឿន ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងកម្លាំងបន្ថែមទៀត មុនពេលឡើងមកដីគោកនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា នេះ។

ប្រជាជនមកពីខេត្ត-ក្រុងភាគកណ្តាលដូចជា Thanh Hoa, Quang Tri, Hue និង Da Nang ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយទូកនេសាទ និងនាវាគ្រប់ប្រភេទត្រូវបានប្រាប់ផ្អាកការធ្វើដំណើរលើផ្ទៃសមុទ្រ។

យោងតាមការព្យាករណ៍របស់ទីភ្នាក់ងារព័ត៌មាន BBC បានឱ្យដឹងថា ព្យុះទីហ្វុង Kajiki ត្រូវបានគេរំពឹងថា នឹងចុះខ្សោយនៅពេលវាបោកបក់ដល់ប្រទេសវៀតណាម ប៉ុន្ដែនៅតែមានកម្លាំងខ្យល់បោកបក់ជាមួយនឹងល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានភ្លៀងធ្លាក់ពី ៣០០ ទៅ ៤០០មីលីម៉ែត្រ។

យ៉ាងណាម៉ិញ រដ្ឋាភិបាលវៀតណាម បានចេញសារាចរណែនាំបន្ទាន់ជាច្រើន ដោយមានទាំងសារាចររបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ ដោយលោកបានអំពាវនាវឱ្យមានការត្រៀមលក្ខណៈបន្ទាន់។
ក្រុមមន្រ្តីបារម្ភថា ព្យុះនេះអាចបង្កការបំផ្លិចបំផ្លាញដូចព្យុះ Yagi កាលពីខែកញ្ញា ឆ្នាំមុន ដែលជាព្យុះទីហ្វុងដ៏សាហាវបានសម្លាប់មនុស្សរាប់រយនាក់នៅទូទាំងតំបន់របស់វៀតណាម៕

