ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរកឃើញថា ទីតាំងសិប្បកម្មកែច្នៃ និងវេចខ្ចប់កាកស្រាបៀរ របស់លោក ស្រី នុត សុខណាវី នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលខ្យល់ និងមានក្លិនស្អុយហុយចេញពីបំពង់ផ្សែង។

ក្រុមការងារបានធ្វើតេស្ដសារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលទទួលបានលទ្ធផលឃើញថា បារ៉ាម៉ែត្រCO=១០១២៤ppm មានកម្រិតលើសស្តង់ដា។ លើសពីនេះ សិប្បកម្មខាងលើ បានបើកដំណើរការដោយគ្មានលិខិតអនុញ្ញាតដំណើរការអាជីវកម្ម និងលិខិតអនុញ្ញាតផ្សេងៗ ពាក់ព័ន្ធនិងវិស័យបរិស្ថាន។


ក្រុមការងារបានចាត់វិធានការចំពោះមុខឱ្យសិប្បកម្មអនុវត្តច្បាប់រួមមាន៖
១-ត្រូវបញ្ឈប់ការបញ្ចេញសារធាតុបំពុលខ្យល់ និងក្លិនអាក្រក់។ ២₋ត្រូវពិន័យអន្តរការណ៍ ករណីមិនមានលិខិតអនុញ្ញាតបើកដំណើរការអាជីវកម្មទាក់ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា​១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា៦៥៤ មាត្រា៦៦៨​ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ៣₋ត្រូវស្នើសុំលិខិតអនុញ្ញាតទាក់ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់។ ៤-ត្រូវកែសម្រួលឡចំហាយឱ្យត្រឹមត្រូវតាមស្តង់ដានៃការបញ្ចេញសារធាតុពុលខ្យល់។ ៥₋ត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់កាកសំណល់ស្រាបៀរឱ្យបានត្រឹមត្រូវ ដោយជៀសវាសទុកដាក់ចោលនៅទីវាល ដែលអាចបង្ករឱ្យមានទឹកសំណល់កាកស្រាបៀរ ប៉ះពាល់ដល់បរិស្ថាន និងដីស្រែប្រជាពលរដ្ឋ។ ៦-ត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មុនបញ្ចេញសំណល់រាវ៕

អត្ថបទ៖ ចតុម្មុខ

Share.