នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំវិមានរដ្ឋសភា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើសេចក្តីរាយការណ៍និងបកស្រាយអំពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ជូនដល់អង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមនឹងការឈ្លានពានពី សំណាក់ប្រទេសថៃ មានប្រជាពលរដ្ឋខ្មែរមួយចំនួនតូច បាន និងកំពុងធ្វើសកម្មភាពដែលធ្វើឱ្យអន្តរាយដល់ខឿនការពារជាតិ សន្តិសុខជាតិ បែកបាក់ស្មារតីសាមគ្គីជាតិ ឯកភាពជាតិព្រមទាំងអន្តរាយដល់ផលប្រយោជន៍ស្នូល របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាការបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤៩ថ្មី ដែលចែងថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផល-ប្រយោជន៍ជាតិ ជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយ-ប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពល-រដ្ឋខ្មែរឡើយ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ”៕




