អ្នកចាំទី អ៊ុំ សេរីរ័ត្ន របស់ក្រុមកងយោធពលខេមរភូមិន្ទ ត្រឡប់មកទីលានវិញ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ក្រោយសម្រាកព្យាបាលរបួសអស់រយៈពេល ៣៣៤ថ្ងៃ ជំនួបស្មើ ១-១ ភ្នំពេញក្រោន សប្តាហ៍ទី៣ កាលពីថ្ងៃទី២៣ ខែសីហា នៅកីឡដ្ឋានស្តាតចាស់។

អ្នកចាំទីរបស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ រូបនេះចាប់ផ្ដើមមានបញ្ហារបួសសរសៃពួរជង្គង់ នៅក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។
បន្ទាប់ពីជាសះស្បើយ គេបានចាប់ផ្តើមលេងវិញនាចុងឆ្នាំ ២០១៩ បន្ទាប់មកបានរងរបួសសសៃពួរជង្គង់សារជាថ្មី ហើយក្រោយមកគេបានបន្តព្យាបាលនៅក្នុងស្រុក។
លុះដល់ខែវិច្ឆិកា ឆ្នាំ២០២៣ អ៊ុំ សេរីរត្ន័ បង្ហាញខ្លួនសារជាថ្មីនៅលីគកំពូលកម្ពុជា មុនរបួសម្តងទៀតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ជំនួបទល់នឹងបឹងកេត៕

