យោងតាមសេចក្ដីរាយការណ៍ពីនគរបាល ស្រុកប៉ាងណាំប្រឺ ខេត្តឆាកើឆើងសៅ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា មានហេតុការណ៍បាញ់គ្នារបស់ក្រុមក្មេងស្ទាវ ដែលបានបណ្ដាលឱ្យយុវជន ២នាក់រងរបួស ដោយយុវជនម្នាក់វ័យអាយុ ១៧ ឆ្នាំ ត្រូវបានបាញ់ចំដៃស្តាំ២គ្រាប់ និងម្នាក់ទៀតអាយុ ១៨ ឆ្នាំ ត្រូវបានបាញ់ចំជើងឆ្វេងនិងដៃឆ្វេង។ អ្នករបួសទាំងពីរត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នៅកន្លែងកើតហេតុសមត្ថកិច្ចត្រួតពិនិត្យបានរកឃើញសំបកគ្រាប់កាំភ្លើងជាង១០គ្រាប់នៅលើផ្លូវ រួមមានគ្រាប់កាំភ្លើងប្រភេទបាញ់ថ្នាំ (គ្រាប់លេខ១២) និងគ្រាប់កាំភ្លើងទំហំ ០.៣២។ លើសពីនេះ ម៉ូតូរបស់ជនរងគ្រោះ២គ្រឿងមានស្នាមគ្រាប់កាំភ្លើងនៅភ្លើងខាងមុខ ខាងក្រោយ និងបំពង់ស៊ីម៉ាំងផងដែរ។
សំឡេងកាំភ្លើងបាញ់ផ្ទុះឡើង ក្រុមយុវជនជាង១០នាក់បើកការបាញ់ប្រហារគ្នា គ្រាប់កាំភ្លើងរាយពេញផ្លូវ បាញ់ចំម៉ូតូ យុវជនរបួស២នាក់ រត់ទៅសុំជំនួយពីអ្នកភូមិ បើតាមការឱ្យដឹងពីអ្នកស្រុក បាននិយាយថា ពេលកំពុងនៅផ្ទះមើលទូរទស្សន៍ គាត់បានឮសំឡេងកាំភ្លើងបាញ់ជាច្រើនគ្រាប់ ហើយសំឡេងចុងក្រោយផ្ទុះខ្លាំង។ ពេលចេញមកមើល គាត់ឃើញក្រុមយុវជនជាង១០នាក់កំពុងបាញ់ប្រហារគ្នា។ ជនរងគ្រោះ២នាក់ដែលត្រូវបាញ់ចំដៃនិងជើង បានរត់ចូលមកសុំជំនួយនៅផ្ទះបងថ្លៃរបស់គាត់ធ្វើឱ្យក្រុមបាញ់មិនហ៊ានចូលមក មុនពួកគេបំបែកគ្នាចេញទៅ។
ចំពោះករណីនេះដែរជនរងគ្រោះបាននិយាយថាជាទំនាស់ចាស់ ដែលក្រុមរបស់ពួកគេធ្លាប់ឈ្លោះប្រកែកនិងកាប់ចាក់គ្នាកន្លងមក ប៉ុន្តែមិនបានប្ដឹងប៉ូលិស ដោយពួកគេធ្លាប់យកកាំបិតគម្រាម និងវាយបងធំរបស់ក្រុមម្ខាងទៀត។
នៅថ្ងៃកើតហេតុពួកគេចង់ជួបជជែក ដោះស្រាយ ហើយបានជួបគ្នាក្នុងហាង តែមិនមានអ្វីកើតឡើងតែពេលចេញផុតហាង ក៏កើតមានហេតុការណ៍ដេញបាញ់និងបណ្ដាលឱ្យរបួសដូចឃើញស្រាប់។
នេះមិនមែនជាករណីដែលទើបតែកើតឡើងនោះឡើយ ក្រុមក្មេងស្ទាវ ឬក្មេងទំនើហនៅថៃ តែងតែបង្កបញ្ហាជារឿយៗ ប៉ុន្តែសមត្ថកិច្ចមិនដែលចាត់ចំណាត់ការដាច់ខាតណាមួយនោះឡើយ ទើបធ្វើឱ្យពួកគេបានចិត្ត ដូចនឹងករណីដែលជនជាតិថៃ រមែងវាយធ្វើបាបអ្នកទេសចរបរទេស តាមទំនើងចិត្ត ខណៈអ្នកទេសចរបានត្រឹមទៅប៉ុស្តិ៍ប៉ូលិសដើម្បីដាក់ពាក្យប្ដឹង និង កត់កំណត់ហេតុតែប៉ុណ្ណោះ៕

